ព័ត៌មានអន្តរជាតិ

រុស្សី ដាក់លក្ខខណ្ឌដើម្បីត្រឡប់មក សន្ធិសញ្ញាអាវុធនុយក្លេអ៊ែរវិញ

បរទេស៖ អនុរដ្ឋមន្ត្រីការបរទេស នៃប្រទេសរុស្សីលោក Sergey Ryabkov កាលពីថ្ងៃសៅរ៍ម្សិលមិញនេះបានលើកឡើងថាប្រទេសរុស្សី នឹងធ្វើការត្រឡប់មកអនុវត្តកិច្ចព្រមព្រៀងសន្ធិសញ្ញានុយក្លេអ៊ែរ New Start វិញដរាបរដ្ឋាភិបាលវ់ាស៊ិនតោនប៉ុណ្ណោះ នឹងបង្ហាញជំហនយោបាយឈប់យករុស្សីជាចំណាប់ខ្មាំង។

កាលពីពាក់កណ្តាលសប្តាហ៍កន្លងមកនេះ ក្រសួងការបរទេសរបស់សហរដ្ឋអាមេរិក បានប្រកាសនឹងធ្វើការឆ្លើយតបទៅនឹងអ្វីដែលខ្លួន ហៅថាជាការងារស្របទៅនឹងច្បាប់ ចំពោះអ្វីដែលរុស្សីធ្លាប់បានសម្រេចចិត្ត កាលពីខែកុម្ភៈដើម្បីដកខ្លួន ចេញពីអ្វីដែលជាកិច្ចព្រមព្រៀង អាវុធនុយក្លេអ៊ែរធំបំផុត និងចុងក្រោយបំផុតរវាងគ្នា។

រដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោន បានថ្លែងថា ពួកគេបានបញ្ចប់ការផ្តល់ព័ត៌មាន ជាមួយនឹងរដ្ឋាភិបាលទីក្រុងមូស្គូ នូវទីតាំងនិងស្ថានភាពនៃមីស៊ីលបាញ់គ្រាប់នុយក្លេអ៊ែរ និងបញ្ជរសម្រាប់បាញ់ផងចាប់ពីថ្ងៃទី១ខែមិថុនាកន្លងមក។

ក្រៅពីនោះក៏មានដូចជាទិន្នន័យ telemetry ស្តីពីការបាញ់បង្ហោះមីស៊ីលរំលងទ្វីប និងមីស៊ីលបាញ់ចេញពីនាវាមុជទឹក របស់សហរដ្ឋអាមេរិកផង ហើយអាមេរិកបានដកទិដ្ឋាការក្រុមកិច្ចការងាររបស់រុស្ស៊ី ដែលជាអ្នកធ្វើការត្រួតពិនិត្យស្របតាមកិច្ចព្រមព្រៀង New START ៕

ប្រែសម្រួល៖ស៊ុនលី

To Top