បរទេស៖ក្រសួងការពារជាតិ នៃប្រទេសតួគី កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ បានប្រកាសថាប្រទេសរបស់ខ្លួន នឹងធ្វើការដាក់ពង្រាយកងកម្លាំងយោធាពិសេស ទៅកាន់តំបន់ Kosovo តាមការស្នើសុំ របស់មេបញ្ជាការអង្គការ ណាតូ។
យោងតាមការចេញផ្សាយរបស់ RT បានសរសេរថារដ្ឋាភិបាល ទីក្រុងអង់ការ៉ា បានបញ្ជូនយោធាទៅកាន់តំបន់ ដែលកំពុងមានផ្ទុះជម្លោះ ដោយសង្ឃឹមអាចជួយកាត់បន្ថយភាពតានតឹង ដាក់គ្នា រវាងពលរដ្ឋនិងអជ្ញាធរដែលបានកើតឡើង អស់រយៈពេលជាច្រើនថ្ងៃ មកហើយ និងក៏មានអ្នករងរបួសជាច្រើននាក់ រួចមកហើយដែរ។
សេចក្តីថ្លែងការណ៍ របស់ក្រសួងការពារជាតិ បានបន្ថែមទៀតថា ទីក្រុងអង់ការ៉ាកំពុងប្រកាន់យកជំហរស្ថាបនា ដែលឆ្ពោះទៅរក ដំណោះស្រាយនៃព្រឹត្តិការណ៍ថ្មីៗ នៅតំបន់ភាគខាងជើងនៃ Kosovo ដែលវាក៏អាចនឹងបង្កគ្រោះថ្នាក់ ដល់សន្តិសុខ និងស្ថិរភាពក្នុងតំបន់ផងដែរ។
គួរឲ្យដឹងដែរថា កាលពីចុងខែឧសភា កន្លងមកនេះអង្គការណាតូ ក៏បានប្រកាសបញ្ជូនកងកម្លាំង ប្រមាណជា៧០០នាក់បន្ថែមទៀតផងដែរ ដើម្បីមកជួយដល់កងកម្លាំងសន្តិសុខ ក្នុងតំបន់ Kosovo បន្ទាប់ពីព្រឹត្តិការណ៍ថ្ងៃទី៣០ ខែឧសភា នៃការប៉ះទង្គិចគ្នា រវាងពលរដ្ឋជនជាតិស៊ែប៊ី ដែលមិនពេញចិត្តនិងការឡើង កាន់តំណែងរបស់អភិបាល ក្រុងជនជាតិអាល់បេនី៕
ប្រែសម្រួល៖ស៊ុនលី