បរទេស៖ អ៊ុយក្រែនបានច្រានចោល សំណើ របស់ឥណ្ឌូណេស៊ី សម្រាប់ដំណោះស្រាយ សន្តិភាព ជាមួយក្រុងមូស្គូ ដោយលើកហេតុផលថា ផែនការរបស់ទីក្រុងហ្សាការតា នឹងបម្រើតែផលប្រយោជន៍ របស់រុស្ស៊ី។
យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ទីប្រឹក្សាកំពូលរបស់ប្រធានាធិបតីអ៊ុយក្រែន Vladimir Zelensky គឺលោក Mikhail Podoliak បានសរសេរនៅលើ Twitter កាលពីថ្ងៃសៅរ៍ថា ផែនទីបង្ហាញផ្លូវ និយាយឱ្យត្រង់ទៅ “មើលទៅដូចទៅនឹងសំណើរបស់រុស្ស៊ី… អំពីការចុះចាញ់ របស់អ៊ុយក្រែន”។
ទីប្រឹក្សារូបនេះបានបញ្ជាក់ជំហររបស់ទីក្រុងកៀវថា «សំណើប្រាកដនិយមតែមួយគត់» សម្រាប់រុស្ស៊ី គឺនឹង «ដកខ្លួនចេញពីដែនដីអធិបតេយ្យភាពអ៊ុយក្រែន»។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ុយក្រែន លោក Oleg Nikolenko ក៏បានទទូចថា រុស្ស៊ីគួរតែប្រគល់តំបន់ដែលបានបញ្ចូលថ្មីរបស់ខ្លួន ដែលក្រុងគៀវនិយាយថា ត្រូវបានកាន់កាប់ដោយខុសច្បាប់នោះមកវិញ។ លោកបាននិយាយនៅក្នុងការបង្ហោះនៅលើ Facebook ថា គឺ «វាមិនអាចមានសេណារីយ៉ូផ្សេងទៀតនោះទេ។
លោក Nikolenko បានសរសេរថា “បទឈប់បាញ់ដោយគ្មានការដកទ័ពរុស្ស៊ីចេញពីអ៊ុយក្រែន នឹងអនុញ្ញាតឱ្យរុស្ស៊ីមានឱកាស ប្រមូលផ្តុំឡើងវិញ ពង្រឹងទឹកដីដែលកាន់កាប់ និងប្រមូលកម្លាំងសម្រាប់រលកថ្មីនៃការឈ្លានពាន” ។
សូមជម្រាបថា ថ្លែងនៅក្នុងវេទិកាសន្តិសុខ Shangri-La Dialogue ក្នុងប្រទេសសិង្ហបុរីកាលពីថ្ងៃសៅរ៍ រដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ី Prabowo Subianto បានស្នើថា ទាំងទាហានរុស្ស៊ី និងអ៊ុយក្រែន ដកថយចម្ងាយ ១៥ គីឡូម៉ែត្រ ពីទីតាំងបច្ចុប្បន្នរបស់ពួកគេ បង្កើតតំបន់គ្មានយោធា ដែលនឹងត្រូវបានត្រួតពិនិត្យដោយកងរក្សាសន្តិភាពអង្គការសហប្រជាជាតិ។
លោកក៏បានស្នើឱ្យមានការធ្វើ ប្រជាមតិ ដែលឧបត្ថម្ភដោយអង្គការសហប្រជាជាតិ ដើម្បីកំណត់ទឹកដី “ជម្លោះ” នាពេលអនាគតផងដែរ៕
ប្រែសម្រួលៈ ណៃ តុលា