ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ថា កាលពីថ្ងៃចន្ទ លោក Sergei Lavrov រដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី បានថ្លែងថា យន្តហោះចម្បាំង F-16 ដែលផលិតដោយសហរដ្ឋអាមេរិក អាចផ្ទុកអាវុធនុយក្លេអ៊ែរ ហើយបានព្រមានថា ការផ្គត់ផ្គង់នេះសម្រាប់ទីក្រុង គៀវ នឹងធ្វើឱ្យជម្លោះកាន់តែខ្លាំងឡើងថែមទៀត ។
លោក Lavrov បានថ្លែងនៅក្នុងសុន្ទរកថានៅឯមូលដ្ឋានយោធានៅទីក្រុង Dushanbe នៅក្នុងប្រទេស Tajikistan ថា “យើងត្រូវតែចងចាំថា ការកែប្រែយន្តហោះចម្បាំង F-16 អាច “ផ្ទុក” អាវុធនុយក្លេអ៊ែរ” ។
លោកបានបញ្ជាក់ថា “ប្រសិនបើពួកគេមិនយល់ពីចំណុចនេះ នោះពួកគេគ្មានតម្លៃក្នុងនាមជាអ្នកយុទ្ធសាស្ត្រ និងអ្នករៀបចំផែនការយោធាបានឡើយ” ។
លោក Volodymyr Zelenskiy ប្រធានាធិបតីអ៊ុយក្រែន បានអំពាវនាវជាយូរមកហើយសម្រាប់យន្តហោះ F-16 ដោយបានថ្លែងយ៉ាងដូច្នេះថា ការបង្ហាញខ្លួនរបស់ពួកគេជាមួយអ្នកបើកយន្តហោះអ៊ុយក្រែននឹងក្លាយជាសញ្ញាប្រាកដពីពិភពលោកថាការឈ្លានពានរបស់រុស្ស៊ី នឹងត្រូវបញ្ចប់ដោយការបរាជ័យ ។
លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រាប់មេដឹកនាំក្រុម G7 កាលពីខែមុនថា ក្រុងវ៉ាស៊ីនតោន បានគាំទ្រកម្មវិធីបណ្តុះបណ្តាលសម្ព័ន្ធមិត្ត រួមទំាងសម្រាប់អ្នកបើកយន្តហោះអ៊ុយក្រែនដែលប្រើយន្តហោះចម្បាំង F-16 ផងដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា