ព័ត៌មានអន្តរជាតិ

រួមគ្នាអភិរក្សបរិស្ថានមហាសមុទ្រ ដើម្បីភពផែនដីយើង

សមុទ្រនិងមហាសមុទ្រជាបេះដូងនៃភពផែនដីយើង ។ ផ្ទៃក្រឡាសមុទ្រដែលត្រូវជា ៧០ ភាគរយនៃផ្ទៃក្រឡាភពផែនដី បានផ្គត់ផ្គង់អុកស៊ីហ្សែនលើសពី ៥០ ភាគរយសម្រាប់ភពផែនដី វាជាផ្ទះរបស់ជីវចម្រុះភាគច្រើននៅលើភពផែនដី ហើយក៏ជាប្រភពប្រូតេអ៊ីន ដ៏សំខាន់ដែលមនុស្សលើសពី ១ ពាន់លាននាក់លើពិភពលោកត្រូវការជារៀងរាល់ថ្ងៃផងដែរ ។

យ៉ាងណាមិញ ស្របនឹងពេលដែលទាញយកផលពីសមុទ្រនិងមហាសមុទ្រ មនុស្សយើងបែរជាបាន«តបស្នង»មហាសមុទ្រ វិញដោយកាកសំណល់រាវឬកាកសំណល់រឹងដែលមិនអាចរំលាយបាន ពិសេសថង់ប្លាស្ទិកដែលបាន ធ្វើឱ្យសត្វសមុទ្រជាង ៨០០ ប្រភេទរងផលប៉ះពាល់ ដែលគេបានរកឃើញថាមានសត្វសមុទ្រជាង ៥០០ ប្រភេទត្រូវរុំដោយថង់ប្លាស្ទិកឬបានលេបថង់ប្លាស្ទិកចូលទៅក្នុងពោះ ក្នុងនោះ សត្វសមុទ្រធំៗដូចជាប្រភេទត្រីបាឡែន ជាដើមប្រហែលជាចំនួន ៤០ ភាគរយ ត្រូវបានគេរកឃើញថង់ប្លាស្ទិកនៅក្នុងពោះ ឯបក្សីសមុទ្រជាង ៤៤ ភាគរយមានកម្ទេចប្លាស្ទិកនៅក្នុងពោះ ។

ដើម្បីជាការដាស់ស្មារតីសាធារណជនឱ្យយកចិត្តទុកដាក់អំពីផលប៉ះ ពាល់នៃសកម្មភាពរបស់មនុស្សទៅលើមហា សមុទ្រ និងបង្រួបបង្រួមកម្លាំងប្រជាជនពិភព លោកសម្រាប់គ្រប់គ្រងមហាសមុទ្រប្រកបដោយនិរន្តរភាព អង្គការសហប្រជាជាតិបានបង្កើតទិវាមហាសមុទ្រ ពិភពលោកដែលប្រារព្ធឡើងនៅថ្ងៃទី ០៨ ខែមិថុនា ជារៀងរាល់ឆ្នាំ ។ នេះមានន័យថា ការអភិរក្សបរិស្ថានសមុទ្របានក្លាយជាកាតព្វកិច្ចអន្តរជាតិរបស់ប្រទេសនានា ហើយវាជារឿងចាំបាច់សម្រាប់មនុស្សជាតិ រួមគ្នាស្តារបរិស្ថានអេកូឡូស៊ីរបស់សមុទ្រឡើងវិញ ។

ក្នុងនាមជាប្រទេសដែលមានផ្ទៃក្រឡាសមុទ្រដ៏ធំល្វឹងល្វើយ ប្រទេសចិនបានដាក់បញ្ចូល«ការអភិវឌ្ឍ សេដ្ឋកិច្ចមហា សមុទ្រ ការអភិរក្សបរិស្ថានអេកូឡូស៊ីមហាសមុទ្រ ការពន្លឿនការកសាងប្រទេសខ្លាំង ខាងមហាសមុទ្រ» ជាយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់ខ្លួន ។ លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានលើកឡើងថា ៖ ការកសាងប្រទេសចិន ឱ្យក្លាយទៅជាប្រទេសខ្លាំងខាងមហាសមុទ្រជាភារកិច្ចជាយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់សម្រេចការស្តារភាពរុងរឿងដ៏អស្ចារ្យរបស់ប្រជាជាតិចិនឡើងវិញ ។

អនុលោមតាមយុទ្ធសាស្ត្រនេះ រដ្ឋាភិបាលចិនបានធ្វើការងារជាច្រើន ក្នុងន័យស្តារប្រព័ន្ធអេកូឡូស៊ីសមុទ្រឡើងវិញ ។ ក្នុងរយៈពេលឆ្នាំ ១០ ឆ្នាំចុងក្រោយនេះ ប្រព័ន្ធអេកូឡូស៊ីសមុទ្រសំខាន់ៗដូចជាថ្មប៉ប្រះ ទឹកនិងព្រៃកោងកាងជាដើមទទួល បានការអភិរក្សយ៉ាងល្អប្រសើរ ដែលបរិមាណជីវចម្រុះសមុទ្របានកើនឡើងជាបន្តបន្ទាប់ ។ បច្ចុប្បន្ន ប្រទេសចិនជាប្រទេសមួយក្នុង ចំណោមប្រទេសតិចតួចដែល មានកំណើនផ្ទៃដីព្រៃកោងកាងជារៀងរាល់ឆ្នាំ និងមានជីវចម្រុះសមុទ្រសម្បូរបែបបំផុត ហើយតំបន់អភិរក្សមហាសមុទ្រ ថ្នាក់ជាតិមានដល់ទៅជាង ៥០ កន្លែង ។

និយាយចំពោះប្រទេសកម្ពុជាដែលមានទឹកដីជាប់សមុទ្រ រាជរដ្ឋាភិបាលក៏យកចិត្តទុកដាក់ខ្លាំងចំពោះ ការអភិរក្សបរិស្ថានអេកូឡូស៊ីសមុទ្រផងដែរ ។ ក្នុងនោះ ចាប់ពីឆ្នាំ ២០១១ មក រាជរដ្ឋាភិបាលកម្ពុជាបានចាប់ផ្តើមរៀបចំ ពិធីបុណ្យសមុទ្រជារៀងរាល់ឆ្នាំក្នុងគោលបំណងផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍នៃតំបន់ឆ្នេរសមុទ្រកម្ពុជា ព្រមទាំងជំរុញការយកចិត្តទុកដាក់កាន់ តែខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធ ផ្នែកឯកជន និងប្រជាពលរដ្ឋមូល ដ្ឋានក្នុងការអភិរក្ស និងថែរក្សាធនធានធម្មជាតិ និងវប្បធម៌នៅតំបន់ឆ្នេរសមុទ្រកម្ពុជា។

ម៉្យាងទៀត រាជរដ្ឋាភិបាលកម្ពុជាក៏បានយកចិត្តទុកដាក់ លើការអភិរក្សព្រៃកោងកាងផងដែរ ដោយលើកឡើងថា ព្រៃកោងកាងជារបៀងយុទ្ធសាស្ត្រតភ្ជាប់ ប្រព័ន្ធអេកូឡូស៊ីពីតំបន់ដីគោក ឆ្នេរ និងសមុទ្រ ហើយក៏ជារនាំង ប្រឆាំងនឹងគ្រោះធម្មជាតិ និងការប្រែប្រួលអាកាសធាតុ។ មិនតែប៉ុណ្ណោះ វាបានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ ដោយមានតួនាទីយ៉ាងសំខាន់ជាកន្លែងរក្សាផលស្តុកជាដែនជម្រកនិងប្រភពមេពូជនៃមច្ឆធម្មជាតិដែលជាប្រភពធនធានសមុទ្រដ៏សម្បូណ៌បែប ហើយចាំបាច់យើងត្រូវការរពារ អភិរក្ស និងដាំស្តារព្រៃកោងកាងឡើងវិញ។

ប៉ុន្តែ អ្វីដែលជាការគួរឱ្យសោកស្តាយគឺទន្ទឹមនឹងពិភពលោកបា ន និងកំពុងប្រឈមនឹងហានិភ័យដែលមហាសមុទ្ររងការ បំពុលទាំងផ្នែកកាកសំណល់និងកត្តាផ្សេងទៀត មានប្រទេសមួយចំនួនបែរជាមានផែនការបង្កការ បំពុលដល់បរិស្ថានសមុទ្រទៅវិញ ។ ជាឧទាហរណ៍ ផែនការបង្ហូរទឹកសំណល់នុយក្លេអ៊ែរចូលទៅក្នុងសមុទ្រ របស់ជប៉ុនជាការបង្កហានិភ័យយ៉ាងខ្លាំងចំពោះបរិស្ថានសមុទ្រ ។ ហេតុនេះ សហគមន៍អន្តរជាតិបាន អំពាវនាវម្តងហើយម្តងទៀតឱ្យប្រទេសជប៉ុនគិតពិចារណាឡើងវិញពីផែនការមួយនេះ ដោយធ្វើការជាមួយប្រទេសពាក់ព័ន្ធដើម្បីស្វែងរកដំណោះស្រាយដែលមានប្រសិទ្ធភាពខ្ពស់និងមានផលប៉ះពាល់តិច ។

ជារួម ការអភិរក្សបរិស្ថានសមុទ្រមិនមែនជាកាតព្វកិច្ចរបស់ប្រទេសឬតំបន់ណាមួយនោះទេ ពោលគឺជាទំនួលខុសត្រូវ របស់ប្រទេសទាំងអស់លើសកលលោក ។ មនុស្សយើងគ្រប់រូបសុទ្ធតែមានកាតព្វកិច្ចចូល រួមការអភិរក្សធនធានធម្មជាតិ មិនថាបរិស្ថានដីគោកឬបរិស្ថានសមុទ្រនោះទេ ព្រោះថាបើយើងមិនអភិរក្សទេ អ្នកដែលត្រូវរងផលវិបាកជាបន្ត បន្ទាប់ពីគ្រោះមហន្តរាយធម្មជាតិគឺមនុស្សជាតិទាំងមូល ។ អាស្រ័យហេតុនេះ យើងទាំងអស់គ្នាគួររួមគ្នាធ្វើការអភិរក្ស ដើម្បីភាពគង់វង្សនៃភពផែនដីដ៏ស្រស់ស្អាតរបស់យើង ៕

អត្ថបទដោយ ៖ តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន

To Top