បរទេស៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergey Shoigu បាននិយាយកាលពីថ្ងៃអង្គារថា កងកម្លាំងអ៊ុយក្រែនបានបាត់បង់ទាហានជាង ៣ ៧០០ នាក់ និងរថក្រោះជាង ៥០ គ្រឿង នៅក្នុងការប៉ុនប៉ងឥតប្រយោជន៍មួយដើម្បីទម្លុះខ្សែប្រយុទ្ធជួរមុខជាច្រើន ។ លោកក៏បានលាតត្រដាងពីការស្លាប់និងរបួសរបស់រុស្ស៊ីផងដែរ ក្នុងអំឡុងពេលបីថ្ងៃនៃការប្រយុទ្ធគ្នាយ៉ាងខ្លាំង។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Shoigu បាននិយាយនៅក្នុងវីដេអូមួយថា “ក្នុងរយៈពេលបីថ្ងៃ របបអ៊ុយក្រែនបានចាប់ផ្តើមការវាយលុកដូចដែលបានសន្យាជាយូរមកលើផ្នែកជាច្រើននៃផ្នែកខាងមុខ ដោយប្រមូលផ្តុំក្រុមទាហាន និងសម្ភារៈយ៉ាងច្រើនសម្រាប់គោលបំណងនោះ” ។
លោក Shoigu បាននិយាយថា ការបាត់បង់កងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែនចាប់តាំងពីថ្ងៃទី៤ ខែមិថុនា រួមមានទាហាន ៣ ៧១៥នាក់ រថក្រោះចំនួន ៥២គ្រឿង, រថពាសដែកចំនួន ២០៧គ្រឿង , រថយន្តចំនួន ១៣៤ គ្រឿង, យន្តហោះចំនួន ៥ គ្រឿង, ឧទ្ធម្ភាគចក្រចំនួន២ គ្រឿង, កាំភ្លើងធំចំនួន ៤៨ គ្រឿង និងយន្តហោះគ្មានមនុស្សបើកចំនួន ៥៣ គ្រឿង។
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីបានបន្ថែមថា «ខណៈពេលដែលការយកឈ្នះលើការប៉ុនប៉ងរបស់សត្រូវដើម្បីឈានទៅមុខនោះ យោធារុស្ស៊ីបានបាត់បង់ជីវិតចំនួន ៧១នាក់ផងដែរ និងមានអ្នករបួស ២១០នាក់ និងការបំផ្លិចបំផ្លាញរថក្រោះចំនួន១៥ គ្រឿង រថពាសដែកចំនួន ៩ គ្រឿង រថយន្តចំនួន ២ គ្រឿង និងកាំភ្លើងធំចំនួន ៩ ដើម៕ប្រែសម្រួលៈ ណៃ តុលា