បរទេស៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានចោទប្រកាន់ជាផ្លូវការ ពីបទគ្រប់គ្រងឯកសារ ដែលត្រូវបានចាត់ថ្នាក់ បន្ទាប់ពីលោក លែងកាន់តំណែង ជាប្រធានាធិបតី។
យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍ថា លោក ត្រាំ អាយុ ៧៦ឆ្នាំប្រឈមនឹងការចោទប្រកាន់ចំនួន ៧ រួមទាំងការរក្សាទុកដោយគ្មានការអនុញ្ញាត នូវឯកសារដែលបានចាត់ថ្នាក់។
វាជាការចោទប្រកាន់លើកទីពីររបស់លោក ត្រាំ និងជាការចោទប្រកាន់សហព័ន្ធលើកដំបូងរបស់អតីតប្រធានាធិបតី។ លោក ដូណាល់ ត្រាំ កំពុងធ្វើយុទ្ធនាការដើម្បីធ្វើឱ្យការវិលត្រឡប់ដ៏គួរឱ្យភ្ញាក់ផ្អើលទៅកាន់សេតវិមាននៅឆ្នាំ ២០២៤។
នៅក្នុងការបង្ហោះនៅលើ Truth Social លោក ត្រាំ បាននិយាយថា លោកគ្មានកំហុស ហើយត្រូវបានកោះហៅឱ្យបង្ហាញខ្លួននៅតុលាការសហព័ន្ធក្នុងទីក្រុង Miami កាលពីថ្ងៃអង្គារ។ លោកថា “ខ្ញុំមិនដែលគិតថារឿងបែបនេះអាចកើតឡើងចំពោះអតីតប្រធានាធិបតីសហរដ្ឋអាមេរិកនោះទេ”។
លោកបានបន្ថែមថា “នេះពិតជាថ្ងៃដ៏ខ្មៅងងឹតមួយសម្រាប់សហរដ្ឋអាមេរិក។ យើងជាប្រទេសមួយដែលកំពុងធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ និងឆាប់រហ័ស ប៉ុន្តែយើងរួមគ្នានឹងធ្វើឱ្យអាមេរិកអស្ចារ្យម្តងទៀត!”។
សារព័ត៌មាន CBS News ដែលជាដៃគូរបស់ BBC របស់សហរដ្ឋអាមេរិកបានរាយការណ៍ដោយយកពីប្រភពមួយដោយនិយាយថា ការចោទប្រកាន់នេះត្រូវបានផ្សារភ្ជាប់ទៅនឹងសំណុំរឿងកាន់កាប់ឯកសារដែលជាព័ត៌មានសម្ងាត់របស់រដ្ឋាភិបាល និងពាក់ព័ន្ធនឹងការចោទប្រកាន់ជាច្រើន។
ប្រព័ន្ធផ្សព្វផ្សាយអាមេរិកផ្សេងទៀត រួមទាំង CNN និង ABC News បានផ្សាយថា ការចោទប្រកាន់ពាក់ព័ន្ធនឹងការចោទប្រកាន់យ៉ាងហោចណាស់ចំនួនប្រាំពីរ។
ក្រសួងយុត្តិធម៌អាមេរិក បានបដិសេធមិនធ្វើអត្ថាធិប្បាយណាមួយនោះទេ ហើយការចោទប្រកាន់ផ្លូវការ ក៏មិនត្រូវបានបញ្ចេញផងដែរ៕
ប្រែសម្រួលៈ ណៃ តុលា