ព័ត៌មានអន្តរជាតិ

ការវិនិយោគ លើប្រសិទ្ធភាពថាមពលសកល ត្រូវកើនឡើង ៣ដងនៅឆ្នាំ២០៣០ ដើម្បីរក្សាកំដៅផែនដីនៅក្រោមកម្រិត ១,៥អង្សាសេ

ប៉ារីស៖ ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានឲ្យដឹងថា ការវិនិយោគប្រចាំឆ្នាំ ក្នុងការធ្វើឱ្យប្រសើរឡើង នូវប្រសិទ្ធភាពថាមពលត្រូវតែកើនឡើង ៣ដងនៅឆ្នាំ២០៣០ ដើម្បីឱ្យពិភពលោក នៅតែអាចរក្សាការឡើងកំដៅផែនដី ឱ្យនៅខាងក្រោម ១,៥ អង្សាសេ។

IEA បានឲ្យដឹងនៅក្នុងរបាយការណ៍របស់ខ្លួន ដែលមានចំណងជើងថា Energy Efficiency: The Decade for Action ដោយជំរុញ​ការចំណាយលើអគារ និងការលក់រថយន្តអគ្គិសនីដ៏រឹងមាំ ការវិនិយោគ ប្រសិទ្ធភាពថាមពលសកល បានឈានដល់កំណត់ត្រា ៦០០ពាន់លានដុល្លារក្នុងឆ្នាំ២០២២។

IEA បានព្រមានថានៅឆ្នាំ២០២៣ តួលេខនេះត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ ៦២៤ពាន់លានដុល្លារអាមេរិក ប៉ុន្តែអត្រាកំណើនពីមួយឆ្នាំទៅមួយឆ្នាំ នឹងទាបជាងនៅឆ្នាំ២០២២ ដោយសារការចំណាយខ្ពស់ នៃដើមទុនមានទម្ងន់ធ្ងន់ ទៅលើគម្រោងថ្មីៗដែលមានសក្តានុពល។

នៅក្នុងរបាយការណ៍របស់ខ្លួន ដែលត្រូវបានចេញផ្សាយក្នុងឱកាស នៃសន្និសីទសកលប្រចាំឆ្នាំលើកទី៨ របស់ IEA ស្តីពីប្រសិទ្ធភាពថាមពល ទីភ្នាក់ងារនេះបានឲ្យដឹងថា ការបង្កើនប្រសិទ្ធភាពថាមពល ប្រចាំឆ្នាំកើនឡើងទ្វេដងដល់ ៤ ភាគរយជារៀងរាល់ឆ្នាំនៅឆ្នាំ២០៣០ នឹងតម្រូវឱ្យការវិនិយោគក្នុងវិស័យនេះកើនឡើងពី ៦០០ ពាន់លានដុល្លារដល់ជាង ១,៨ ពាន់ពាន់លានដុល្លាអាមេរិក នៅឆ្នាំ២០៣០។

ទីភ្នាក់ងារនេះបានសង្កត់ធ្ងន់ថា គោលដៅ ៤ភាគរយនៅឆ្នាំ២០៣០ នឹងផ្តល់នូវការកាត់បន្ថយយ៉ាងសំខាន់ក្នុងការបំភាយឧស្ម័នផ្ទះកញ្ចក់ ហើយក្នុងពេលតែមួយបង្កើតការងារ។ យោងតាមរបាយការណ៍សកម្មភាពប្រសិទ្ធភាពថាមពលអាចបង្កើតការងារចំនួន ១២លានកន្លែងនៅទូទាំងពិភពលោកនៅឆ្នាំ២០៣០ ។

ប្រភពបានកត់សម្គាល់ថា “ជាសំខាន់ តម្រូវការថាមពលកាន់តែមានប្រសិទ្ធភាព និងទាបជាងនេះ គាំទ្រដល់វឌ្ឍនភាពកាន់តែលឿនឆ្ពោះទៅរកការទទួលបានថាមពលជាសកលសម្រាប់ទំនើប និងតម្លៃសមរម្យនៅក្នុងសេដ្ឋកិច្ច ដែលកំពុងរីកចម្រើន និងកំពុងអភិវឌ្ឍន៍”។

IEA បានបន្ថែមទៀតថា ការបង្កើនប្រសិទ្ធភាពទ្វេរដង នៅឆ្នាំ២០៣០ នឹងពង្រឹងសន្តិសុខថាមពល និងជួយនាំមកនូវការប្រើប្រាស់អគ្គិសនីដល់ប្រជាជនជាង ៨០០ លាននាក់៕

ប្រែសម្រួល ឈូក​ បូរ៉ា

To Top