បរទេស៖ រដ្ឋមន្ត្រីអបប្រធានាធិបតី អាហ្វ្រិកខាងត្បូងលោក Khumbudzo Ntshavheni កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានលើកឡើងថាប្រទេសអាហ្វ្រិកខាងត្បូង គឺដាច់ខាតនឹងមិនអនុវត្តសាលដិកា របស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC តាមរយៈការប្រើប្រាស់កម្លាំងដាច់ខាត ក្នុងការចាប់ខ្លួនលោកប្រធានាធិបតីរុស្សី Vladimir Putin។
លោក Ntshavheni បានបញ្ជាក់ទៀតដែរថា អនុប្រធានកិច្ចការងារក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីកន្លងទៅ ក៏ធ្លាប់បានបញ្ជាក់ច្បាស់ដែរហើយថា អ្នកណាដែលហ៊ាននឹងធ្វើការចាប់ខ្លួនប្រធានាធិបតី Putin គឺនឹងមានន័យស្មើទៅនឹងថា ការប្រកាសសង្រ្គាមជាមួយនឹងរុស្សីយ៉ាងដូច្នេះដែរ។
កាលពីគ្រានោះនោះផងដែរ មន្ត្រីជាន់ខ្ពស់ដ៏សំខាន់របស់រុស្សីម្នាក់ទៀត ក៏ធ្លាប់បានលើកឡើងបញ្ជាក់ព្រមាន ទៅកាន់ប្រទេសអាល្លឺម៉ង់ដែរថា ប្រសិនបើលោក Putin នឹងត្រូវចាប់ខ្លួនមែននោះមីស៊ីលទាំងអស់ របស់រុស្សីនឹងហោះទៅវិមាន រដ្ឋាភិបាលអាល្លឺម៉ង់ភ្លាម។
រំលឹកដែរថា កាលពីពាក់កណ្តាលខែមិនា តុលាការអន្តរជាតិបានចេញសាលដិកាចាប់ខ្លួន ប្រធានាធិបតីរុស្សី និងលោកស្រីប្រធានគណកម្មការ សិទ្ធមនុស្សរបស់រុស្សី Maria Lvova Belova ករណីបង្ខំពលរដ្ឋស៊ីវិលគេចចេញ ពីអ៊ុយក្រែនទៅកាន់ប្រទេសរុស្សី៕
ប្រែសម្រួល៖ ស៊ុន លី