នៅថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២៣ កិច្ចប្រជុំសំណេះសំណាលស្តីពីការបន្តវេននិងអភិវឌ្ឍវប្បធម៌បានប្រារព្ធឡើងនៅទីក្រុងប៉េកាំង។ លោក Xi Jinping ប្រធាន រដ្ឋចិនបានមានប្រសាសន៍ថា“វប្បធម៌គឺទាក់ទងទៅនឹងមូលដ្ឋានគ្រឹះ និងជោគវាសនារបស់ប្រទេសជាតិ។
ក្នុងអំឡុងពេលនេះ ខ្ញុំបាននិងកំពុងគិតអំពីបញ្ហាដ៏សំខាន់ស្តីពីការជំរុញការកសាងវប្បធម៌សង្គមនិយមដែលប្រកបដោយលក្ខណៈពិសេសចិន និងការកសាងអរិយធម៌ទំនើបនៃប្រជាជាតិចិន”។
ចាប់តាំងពីសង្គ្រាមអាភៀនកាលពីឆ្នាំ ១៨៤០ វត្ថុបុរាណវប្បធម៌មួយចំនួនធំត្រូវបានបាត់បង់ទៅក្រៅប្រទេស។ បើប្រជាជាតិទន់ខ្សោយ វត្ថុបុរាណនឹងបាត់បង់ ហើយបើប្រទេសជាតិខ្លាំងពូកែ វប្បធម៌ក៏រុងរឿងដែរ។
ក្នុងរយៈពេលដប់ឆ្នាំចុងក្រោយនេះ វត្ថុបុរាណវប្បធម៌ដែលបាត់បង់កាន់តែច្រើនឡើងៗបានត្រឡប់មកមាតុភូមិវិញ ដែលបង្ហាញពីការពិតមួយ – “វប្បធម៌រុងរឿងទើបប្រទេជាតិរុងរឿង វប្បធម៌រឹងមាំទើបប្រជាជាតិរឹងមាំ”។
ចាប់តាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី ១៨ មក កិច្ចសហប្រតិបត្តិការអន្តរជាតិរបស់ប្រទេសចិន ក្នុងការទាមទារ និងប្រគល់វត្ថុបុរាណវប្បធម៌វិញបានបន្តពង្រឹងនិងពង្រីក មានវត្ថុបុរាណវប្បធម៌ និងស្នាដៃសិល្បៈដែលបានបាត់បង់នៅក្រៅប្រទេសចំនួនសរុប ៣២ លើក និងជាង ១៨០០ គ្រឿងបានត្រឡប់មកមាតុភូមិវិញ។
ក្នុងឆ្នាំ ២០១៩ ក្រោមសក្ខីភាពរបស់មេដឹកនាំកំពូលរបស់ប្រទេសចិន វត្ថុបុរាណវប្បធម៌ដែលបានបាត់បង់ចំនួន ៧៩៦គ្រឿង ត្រូវបានប្រគល់មកចិន វិញដោយជោគជ័យ ហើយនេះក៏ជាការត្រលប់មកវិញដ៏មានទ្រង់ទ្រាយធំបំផុត នៃវត្ថុបុរាណវប្បធម៌ដែលបានបាត់បង់នៅក្នុងប្រទេសចិន អស់រយៈពេលជិត ២ ទសវត្សរ៍ចុងក្រោយនេះ។
វត្ថុបុរាណវប្បធម៌ គឺជាសម្បត្តិដ៏មានតម្លៃដែលដូនតាបន្សល់ទុកមក ហើយផ្ទុកនូវអរិយធម៌ដ៏ត្រចះត្រចង់ និងបន្តវេននូវប្រវត្តិសាស្ត្រនិងវប្បធម៌ ក៏ដូចជាបានរក្សាស្មារតីជាតិ។
ការការពារវត្ថុបុរាណវប្បធម៌ គឺជាការការពារការចងចាំរួម និងផលប្រយោជន៍របស់ប្រជាជាតិ ក៏ដូចជាការបន្តវេននូវវប្បធម៌ប្រពៃណីចិន ដ៏ល្អផូរផង់។ តាំងពីចូលដល់សម័យទំនើបនេះមក វត្ថុបុរាណវប្បធម៌ជាច្រើនត្រូវបានបាត់បង់នៅបរទេសតាមរយៈមធ្យោបាយខុសច្បាប់។
ការប្រគល់វត្ថុបុរាណវប្បធម៌ដែលបាត់បង់ឱ្យមាតុភូមិវិញ គឺជានិមិត្តរូប នៃការសម្រេចបាននូវការងើបឡើងវិញដ៏មហិមា នៃប្រជាជាតិចិន និងជាវិធានការដ៏សំខាន់សម្រាប់ការកសាងប្រទេសខ្លាំងខាងវប្បធម៌។
ដើម្បីជំរុញការវិលត្រឡប់មកវិញ នៃវត្ថុបុរាណវប្បធម៌ ជាឬសគល់គឺត្រូវបន្តពង្រឹងកម្លាំងជាតិចម្រុះរបស់ប្រទេសចិន និងពង្រឹងសិទ្ធិ នៃការបញ្ចេញមតិលើឆាកអន្តរជាតិរបស់ប្រទេសចិន។
ជាឧទាហរណ៍ ការវិលត្រឡប់ នៃវត្ថុបុរាណវប្បធម៌ចំនួន ១៥៦គ្រឿងដែលបាត់បង់នៅប្រទេសដាណឺម៉ាក សំខាន់គឺត្រូវបានសម្រេចតាមរយៈមធ្យោបាយការទូត។
នេះគឺជាតួនាទីដ៏សំខាន់នៃការការធ្វើឱ្យប្រសើរឡើងនូវកម្លាំងជាតិចម្រុះរបស់ប្រទេសចិន។
ការត្រលប់មកវិញ នៃវត្ថុបុរាណវប្បធម៌ដែលបានបាត់បង់បានបន្តការចងចាំប្រវត្តិសាស្ត្រ និងទាក់ទាញចំណាប់អារម្មណ៍របស់ប្រជាជនចិន។
នៅក្នុងការតាំងពិព័រណ៍វត្ថុបុរាណវប្បធម៌ដែលបាត់បង់នោះ អ្នកទស្សនាបាននិយាយដោយរំជួលចិត្តថា “មានតែមាតុភូមិរឹងមាំ ទើបអាចមានឱកាស និងសមត្ថភាពពិតប្រាកដបែបនេះ ដើម្បីឱ្យវត្ថុបុរាណវប្បធម៌ កាន់តែច្រើនឡើងៗដែលបាត់បង់នៅក្រៅប្រទេសត្រឡប់មកវិញបាន។
យើងមានប្រវត្តិសាស្រ្តដ៏រុងរឿង បច្ចុប្បន្ន យើងបាននិងកំពុងសរសេរសម័យកាលថ្មី នៃប្រវត្តិសាស្រ្ត។
ដើម្បីបន្តភាពរុងរឿងរបស់ប្រជាជាតិចិន មិនត្រឹមតែត្រូវការកិច្ចខិតខំប្រឹងប្រែងរបស់មនុស្សជំនាន់យើងប៉ុណ្ណោះទេ ក៏ត្រូវការកិច្ចខិតខំប្រឹងប្រែងរបស់មនុស្សជំនាន់ក្រោយផងដែរ៕