ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ថា ពលរដ្ឋប្រមាណជាង៥.៨០០នាក់ បូករួមទាំងកុមារ ចំនួន២៤៣នាក់ ត្រូវបានជម្លៀសខ្លួនចេញពីតំបន់លិចទឹក នៃតំបន់ Kherson បន្ទាប់ពីទំនប់វារីអគ្គិសនី Kakhovka បានបាក់។
លោក Vladimir Saldo អភិបាលក្រុងស្តីទី បានលើកឡើងថា សរុបជារួមមកឃើញថា ផ្ទះចំនួន២២.២៧៣ខ្នង តាំងទីលំនៅចំនួន១៧កន្លែង ត្រូវបានរងផលប៉ះពាល់នៅក្នុងតំបន់ Kherson ហើយការកើនឡើងនៃកម្ពស់ទឹកអាចមាន រយៈពេលរហូតដល់ទៅ១០ថ្ងៃឯណោះ ។
លោកបានលើកឡើងទៀតថា នៅគ្រាដែលទឹកកំពុងហូរចេញពីអាងស្តុកទឹក Kakhovka នោះ គឺមានការគំរាមកំហែងដល់ការផ្គត់ផ្គង់ទឹកស្អាត ដល់ប្រជាជនក្នុងតំបន់ចំនួន៤.០០០នាក់ ។
គួររំលឹកផងដែរថា រោងចក្រវារីអគ្គិសនី Kakhovka ត្រូវបានបំផ្លាញកាលពីថ្ងៃអង្គារ ដែលបណ្តាលឱ្យមានការថយចុះនៃកម្រិតទឹកទំនប់ និងទឹកជំនន់ដ៏ធំបានកើតឡើង នៅក្នុងតំបន់ក្បែរនោះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា