ព័ត៌មានអន្តរជាតិ

មេបក្សប្រឆាំងតូចជាងគេ នៅក្នុងប្រទេសជប៉ុន ប្តេជ្ញាថា នឹងត្រៀមខ្លួន សម្រាប់ការចូលរួមប្រជែង ក្នុងការបោះឆ្នោតសកល

តូក្យូ៖ សារព័ត៌មានជប៉ុន Japan Today បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ថា កាលពីថ្ងៃសៅរ៍ លោក Yuichiro Tamaki មេដឹកនាំគណបក្សប្រឆាំងតូចជាងគេ នៅក្នុងប្រទេសជប៉ុន បានថ្លែងថា លោកនឹងត្រៀមខ្លួន សម្រាប់ការចូលរូមប្រជែង ក្នុងការបោះឆ្នោតសកល នៅមុនពេលសម័យប្រជុំសភា បច្ចុប្បន្ននឹងត្រូវបញ្ចប់នៅថ្ងៃទី២១ ខែមិថុនាខាងមុខនេះ ។

លោក Tamaki ប្រធានគណបក្សប្រជាធិបតេយ្យ ដើម្បីប្រជាជន ហៅកាត់ថា (DPP) បានប្រាប់ដល់អ្នកយកព័ត៌មាននៅទីក្រុង តូយ៉ាម៉ា (Toyama) យ៉ាងដូច្នេះថា “យើងចង់ពន្លឿនការរៀបចំជាមួយនឹងលទ្ធភាពដែលថា នាយករដ្ឋមន្ត្រីអាចនឹងរំលាយសភា ជាន់ទាបនៅថ្ងៃទ១៦ ខែមិថុនានេះ” ហើយ ។

ចំណែកលោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុន ដែលបានឡើងកាន់អំណាចក្នុងខែតុលា ឆ្នាំ ២០២១ បានថ្លែងថា លោកមិនគិតពីការរំលាយសភាជាន់ទាបសម្រាប់ការបោះឆ្នោតភ្លាមៗឡើយ ។

ក្រុមអ្នកវិភាគមួយចំនួន បានលើកឡើងថា ទោះបីជាការបោះឆ្នោត សម្រាប់សភាជាន់ទាបដ៏មានឥទ្ធិពលរបស់សភា មិនទាន់ដល់ពេលដល់រដូវស្លឹកឈើជ្រុះ ឆ្នាំ២០២៥ក្តី លោក Kishida មានបំណងចង់បង្កើន ភាពរឹងមាំ របស់គាត់ នៅក្នុងគណបក្សប្រជាធិបតេយ្យសេរី ហៅកាត់ (LDP) ដែលកំពុងកាន់អំណាចនៅមុនការប្រជែងថ្នាក់ ដឹកនាំគណបក្ស នៅខែកញ្ញាខាងមុខនេះ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top