បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថារដ្ឋមន្ត្រីការបរទេស នៃប្រទេសអ៊ីរ៉ង់ និងប្រទេសស៊ីរី បានធ្វើការលើកឡើងអំពីការប្តេជ្ញាចិត្តរៀងខ្លួន នៅក្រោយជំនួបនៃដំណើរទស្សនកិច្ច របស់ប្រធានាធិបតីអ៊ីរ៉ង់ទៅកាន់ប្រទេសស៊ីរី កាលពីពេលថ្មីៗកន្លងមកនេះ។
នៅក្នុងជំនួបតាមទូរស័ព្ទរវាង លោករដ្ឋមន្ត្រីការបរទេសទាំងពីរក៏មានការផ្លាស់ប្តូរគ្នានូវទស្សនការទាមទារមួយចំនួន ដែលត្រៀមនឹងធ្វើឡើងនៅក្នុងកិច្ចព្រមព្រៀងសំខាន់ៗ ដែលនឹងត្រូវអនុវត្តរួមគ្នា។
រដ្ឋមន្ត្រីការបរទេសស៊ីរី បានធ្វើការរាយការណ៍នូវដំណើរការជោគជ័យក្នុងរយៈពេលចុងក្រោយរបស់ខ្លួន ចំពោះការបង្កើតទំនាក់ទំនងជាមួយនឹងបណ្តាប្រទេសអារ៉ាប់ និងក៏ដូចជាកិច្ចប្រជុំកំពូលដែលមេដឹកនាំស៊ីរី បានចូលរួមក្រោយអវត្តមានអស់រយៈពេល១២ឆ្នាំ រួចមកហើយនោះផង។
គួរឲ្យដឹងដែរថាប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi បានធ្វើដំណើរទៅដល់ប្រទេសស៊ីរី កាលពីថ្ងៃទី៣ខែឧសភាកន្លងមកនិងគឺជាដំណើរទស្សនកិច្ចដំបូងបំផុត ដោយប្រធានាធិបតីអ៊ីរ៉ង់ គិតចាប់តាំងតែពីសង្គ្រាម នៅស៊ីរីកាលពីឆ្នាំ២០១១៕
ប្រែសម្រួល៖ស៊ុនលី