អាប៊ូចា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ថា កាលពីថ្ងៃសៅរ៍ យោធានីហ្សេរីយ៉ាបានឲ្យដឹងថា យ៉ាងហោចណាស់ជនសង្ស័យដែលជាភេរវករចំនួន៦នាក់ត្រូវបានបាញ់សម្លាប់ នៅក្នុងការប្រយុទ្ធគ្នាដោយប្រើកាំភ្លើងកាលពីពេលថ្មីៗនេះ ប៉ះជាមួយយោធានៅក្នុងរដ្ឋ Kaduna ស្ថិតនៅភាគខាងជើងនៃប្រទេសនេះ ។
លោក Musa Danmadami អ្នកនាំពាក្យយោធានីហ្សេរីយ៉ា ឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឃ្លាំងអាវុធ និងគ្រាប់រំសេវដែលជាកម្មសិទ្ធិ របស់ជនសង្ស័យក៏ត្រូវបានរកឃើញផងដែរ នៅក្នុងអំឡុង ពេលការបាញ់ប្រហារគ្នាកាលពីថ្ងៃសុក្រ នៅឯភូមិ Maidaro នៅក្នុងតំបន់រដ្ឋាភិបាលកាន់កាប់ គឺនៅក្នុងតំបន់ Giwa នៃរដ្ឋ Kaduna ។
លោក Danmadami បានលើកឡើងថា កងទ័ពបានចាប់ផ្ដើមប្រតិបត្តិការសម្ងាត់មួយ ទៅកាន់កន្លែងលាក់ខ្លួនរបស់ក្រុមភេរវករទាំងនោះ នៅក្នុងភូមិ Maidaro ហើយបានទាក់ទងដឹងពីក្រុមឧក្រិដ្ឋជនទាំងនោះ ។
លោកបានឲ្យដឹងទៀតថា កងកម្លាំងបានបាញ់សំដៅទៅលើក្រុមភេរវករទាំងនោះ ដោយទទួលបានជោគជ័យក្នុងការបង្ក្រាប ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា