តេអេរ៉ង់៖ ប្រទេសអ៊ីរ៉ង់ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង លើផលវិបាកមនុស្សធម៌ បរិស្ថាន និងសេដ្ឋកិច្ចនៃការវាយប្រហារ “ដ៏គួរឱ្យរន្ធត់” លើទំនប់វារីអគ្គិសនី Kakhovka នៅភាគខាងត្បូងអ៊ុយក្រែន។
ប្រតិកម្មទៅនឹងការវាយប្រហារកាលពីថ្ងៃអង្គារ ដែលត្រូវបានគេរាយការណ៍ថាបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៥ នាក់បានស្លាប់ និង ៤១ នាក់ផ្សេងទៀតបានរងរបួស អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Nasser Kanaani បានសម្តែងការប្រឆាំងរបស់អ៊ីរ៉ង់ ចំពោះការបំផ្លិចបំផ្លាញអគារជនស៊ីវិល និងបង្កគ្រោះថ្នាក់ដល់អាយុជីវិតជនស៊ីវិល។
លោកក៏បានអំពាវនាវឱ្យភាគីពាក់ព័ន្ធបន្តការប្តេជ្ញាចិត្ត ចំពោះគោលការណ៍អន្តរជាតិក្នុងការការពារជនស៊ីវិល និងកាត់បន្ថយការឈឺចាប់របស់ពួកគេ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ក្រសួង។
អភិបាលស្តីទីនៃតំបន់ Kherson លោក Vladimir Saldo បានឲ្យដឹងកាលពីថ្ងៃពុធថា បន្ទាប់ពីការវាយប្រហារទំនប់វារីអគ្គិសនី មនុស្សជាង ៤០០០ ត្រូវបានជម្លៀសចេញពីតំបន់លិចទឹកក្នុងតំបន់ Kherson ។
គួរបញ្ជាក់ថា ទាំងរុស្ស៊ី និងអ៊ុយក្រែនបានការចោទប្រកាន់ទៅវិញទៅមក ជុំវិញការវាយប្រហារលើរោងចក្រថាមពលវារីអគ្គិសនីខាងលើនេះ៕
ប្រែសម្រួល ឈូក បូរ៉ា