បរទេស៖ អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនបញ្ជូនកងរក្សាសន្តិភាពតង់ហ្សានីចំនួន ៦០នាក់ពីសាធារណរដ្ឋអាហ្រ្វិកកណ្តាល ឱ្យត្រឡប់ទៅផ្ទះវិញបន្ទាប់ពីការស៊ើបអង្កេតបឋមបានរកឃើញភស្តុតាងដែលអាចជឿជាក់បានថា មាន ១១នាក់ក្នុងចំណោមពួកគេត្រូវបានគេចោទប្រកាន់ថា បានកេងប្រវ័ញ្ចផ្លូវភេទនិងរំលោភលើជនរងគ្រោះយ៉ាងហោចណាស់៤នាក់។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយកាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Stephane Dujarric បានប្រាប់អ្នកយកព័ត៌មានថា “អង្គភាពនេះត្រូវបានផ្លាស់ប្តូរទីតាំងទៅកាន់មូលដ្ឋានមួយផ្សេងទៀត ខណៈពេលដែលការស៊ើបអង្កេតនៅតែបន្ត ហើយសមាជិករបស់ខ្លួនត្រូវបានបង្ខាំងនៅក្នុងបន្ទាយដើម្បីការពារជនរងគ្រោះ និងសុចរិតភាពនៃការស៊ើបអង្កេត” ។ “អង្គភាពនេះនឹងត្រូវបានធ្វើមាតុភូមិនិវត្តន៍នៅពេលដែលវត្តមានរបស់ពួកគេមិនត្រូវបានទាមទារដោយការស៊ើបអង្កេតបន្ថែមទៀតនោះទេ។”
លោក Dujarric បាននិយាយថា ជនរងគ្រោះកំពុងត្រូវបានផ្តល់ការថែទាំ និងការគាំទ្រដោយដៃគូមនុស្សធម៌របស់បេសកកម្ម។ លោកបានបន្ថែមថា អាជ្ញាធរតង់ហ្សានីត្រូវបានគេជូនដំណឹង ហើយកំពុងដាក់ពង្រាយអ្នកស៊ើបអង្កេតផ្ទាល់របស់ពួកគេទៅកាន់សាធារណរដ្ឋអាហ្វ្រិកកណ្តាល។
លោក Dujarric បានបន្តថា “ក្នុងការបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ពួកគេចំពោះការមិនអត់ឱនចំពោះការកេងប្រវ័ញ្ចផ្លូវភេទ និងការរំលោភបំពាន អាជ្ញាធរតង់ហ្សានីបានកត់សម្គាល់ពីភាពធ្ងន់ធ្ងរនៃការចោទប្រកាន់នេះ ហើយបានប្តេជ្ញាចាត់វិធានការចាំបាច់ដើម្បីដោះស្រាយបញ្ហាទាំងនេះ” ។
យោងតាមគេហទំព័ររបស់នាយកដ្ឋានរក្សាសន្តិភាព, ប្រទេសតង់ហ្សានីមានបុគ្គលិកឯកសណ្ឋានប្រហែល ១ ៥៨៦នាក់នៅក្នុង C.A.R. ជាផ្នែកមួយនៃបេសកកម្មខ្លាំងជាង ១៧ ០០០នាក់ ដែលត្រូវបានគេស្គាល់ដោយអក្សរកាត់របស់វា MINUSCA ៕
ប្រែសម្រួលៈ ណៃ តុលា