គៀវ៖ ឧប្បត្តិហេតុទំនប់ Kakhovka មិនគំរាមកំហែងដោយផ្ទាល់ លើរោងចក្រនុយក្លេអ៊ែរ Zaporizhzhia នោះទេ នេះបើយោងតាម ការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ហើយខាងក្រោមនេះ គឺជាការវិវត្តន៍ចុងក្រោយបំផុតទាក់ទងនឹងវិបត្តិអ៊ុយក្រែន។
លោក Petro Kotin ប្រធានប្រតិបត្តិករថាមពលនុយក្លេអ៊ែររបស់រដ្ឋ អ៊ុយក្រែន Energoatom បានឲ្យដឹងថាឧប្បត្តិហេតុទំបន់ វារីអគ្គិសនី Kakhovka មិនគំរាមកំហែងដោយផ្ទាល់ដល់រោងចក្រ ថាមពល នុយក្លេអ៊ែរ Zaporizhzhia នៅពេលនេះទេ ដោយសាររោងចក្រនេះ អាចប្រើប្រាស់ទឹកពីប្រភពជំនួស។
លោក Kotin ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine ថា “បន្ថែមពីលើអាងស្តុកទឹក Kakhovka មានប្រភពទឹកផ្សេងទៀតជាច្រើន សម្រាប់អាងស្ដុកទឹក” ដែលត្រូវបានប្រើប្រាស់សម្រាប់រោងចក្រនុយក្លេអ៊ែរ ។
លោក Kotin បានលើកឡើងថា ជាពិសេស អង្គភាពបូមចល័ត ឬអណ្តូងក្រោមដី សម្រាប់ទឹកផឹក អាចត្រូវបានប្រើ ដើម្បីផ្តល់ទឹកដល់រោងចក្រ។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងថា ប្រទេសអ៊ុយក្រែន បានបើកការវាយលុកមួយ ប៉ុន្តែបានបរាជ័យក្នុងការសម្រេចគោលដៅរបស់ខ្លួន។
ទី១ វាអាចត្រូវបានបញ្ជាក់ដោយភាពប្រាកដប្រជាថា ការវាយលុកនេះបានចាប់ផ្តើម។ ការប្រើប្រាស់ទុនបំរុង ជាយុទ្ធសាស្ត្ររបស់កងកម្លាំង អ៊ុយក្រែនបង្ហាញឱ្យឃើញ។ ទី២ នៅក្នុងតំបន់នៃការប្រយុទ្ធកងទ័ពអ៊ុយក្រែន មិនបានសំរេចកិច្ចការរបស់ពួកគេទេ។ នេះជារឿងជាក់ស្តែង។ លោក ពូទីន បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុង Sochi របស់រុស្ស៊ី។
មាន “ការខាតបង់យ៉ាងសំខាន់” នៃកងទ័ពអ៊ុយក្រែន ក្នុងរយៈពេលប្រាំថ្ងៃចុងក្រោយនៃ “ការប្រយុទ្ធគ្នាយ៉ាងខ្លាំង” ប៉ុន្តែក្រុងគៀវនៅតែរក្សាបាននូវសក្តានុពលវាយលុក។ លោក ពូទីន ត្រូវបានដកស្រង់សម្តី ដែលបានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់វិមានក្រឹមឡាំង៕ប្រែសម្រួល ឈូក បូរ៉ា

