ប៉េកាំង៖ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បាននិយាយនៅថ្ងៃចន្ទថា ប្រទេសចិនជំទាស់នឹងចំណាត់ការ របស់សហរដ្ឋអាមេរិក ក្នុងការដាក់ទណ្ឌកម្មលើក្រុមហ៊ុន និងបុគ្គលមួយចំនួនរបស់ចិន ជាមួយនឹងអ្វីដែលហៅថា លេសទាក់ទងនឹងអ៊ីរ៉ង់។
យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមការលើកឡើង របស់អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន ឆ្លើយតបទៅនឹងសំណួរទាក់ទងនឹង ការវិធានការទណ្ឌកម្មរបស់អាមេរិកថា សកម្មភាពរបស់សហរដ្ឋអាមេរិកខ្វះមូលដ្ឋានការពិត និងខ្វះដំណើរការត្រឹមត្រូវ ហើយធ្វើឱ្យខូចសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់សហគ្រាស និងបុគ្គលចិន ។
អ្នកនាំពាក្យរូបនេះបាននិយាយថា “ភាគីសហរដ្ឋអាមេរិកត្រូវតែបញ្ឈប់ការ គាបសង្កត់ដោយគ្មានហេតុផលរបស់ខ្លួន ចំពោះសហគ្រាស និងបុគ្គលចិន”។
អ្នកនាំពាក្យបានបន្ថែមថា ប្រទេសចិននឹងចាត់វិធានការចាំបាច់ ដើម្បីការពារយ៉ាងម៉ឺងម៉ាត់នូវសិទ្ធិ និងផលប្រយោជន៍ ស្របច្បាប់របស់សហគ្រាស និងបុគ្គលចិន វិញផងដែរ៕
ប្រែសម្រួលៈ ណៃ តុលា