ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីនូវែលសេឡង់ថា ដំណើរទស្សនកិច្ចរបស់លោកទៅចិន នឹងក្លាយជាទស្សនកិច្ចកម្រិត នាយករដ្ឋមន្ត្រីលើកដំបូង ចាប់តាំងពីជំងឺរាតត្បាតសកលកូវីដ១៩ បានចាប់ផ្តើម

បរទេស៖ នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោក Chris Hipkins បាននិយាយនៅថ្ងៃចន្ទថា លោកនឹងដឹកនាំគណៈប្រតិភូ ធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន ជាលើកដំបូងចាប់តាំងពីការ ចាប់ផ្តើមនៃជំងឺរាតត្បាតជំងឺ កូវីដ-19។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រទេសទាំងពីរចិន នីវែលសេឡង់ មានទំនាក់ទំនងពាណិជ្ជកម្មដែលបានបង្កើតឡើង។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនូវែលសេឡង់-ចិន ចូលជាធរមានក្នុងខែតុលា ឆ្នាំ២០០៨។

ការនាំចេញរបស់នូវែលសេឡង់ ទៅកាន់ប្រទេសចិនមានតម្លៃជាង ១២,៨ ពាន់លានដុល្លារ ឬមួយភាគបួននៃប្រាក់ចំណូល នាំចេញសរុបរបស់ប្រទេស, នេះបើយោងតាមទិន្នន័យរបស់រដ្ឋាភិបាល។

នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោក Chris Hipkins បាននិយាយថា ទំនាក់ទំនងទ្វេភាគីជាមួយប្រទេសចិន គឺជាផ្នែកមួយក្នុងចំណោម ផ្នែក “ដ៏សំខាន់បំផុត ទូលំទូលាយ និងច្រើនវិស័យ” របស់ប្រទេសលោក។ លោក Hipkins នឹងធ្វើដំណើរទៅកាន់ទីក្រុងចំនួនបី របស់ប្រទេសចិនក្នុងដំណើរទស្សនកិច្ចផ្លូវការ នៅចុងខែនេះ។

លោកបានប្រាប់អ្នកសារព័ត៌មាននៅទីក្រុង Wellington កាលពីថ្ងៃចន្ទថា វានឹងក្លាយជាដំណើរទស្សនកិច្ចដ៏សំខាន់មួយ។

លោកបាននិយាយថា “ថ្ងៃនេះខ្ញុំអាចប្រកាសថា ខ្ញុំនឹងដឹកនាំគណៈប្រតិភូពាណិជ្ជកម្ម ដ៏សំខាន់មួយទៅកាន់ប្រទេសចិន នៅចុងខែនេះដោយឈប់នៅទីក្រុងប៉េកាំង ធានជីន និងសៀងហៃ”។ “វានឹងជាដំណើរទស្សនកិច្ចកម្រិតនាយករដ្ឋមន្ត្រីលើកដំបូង ទៅកាន់ប្រទេសចិនចាប់តាំង ពីជំងឺរាតត្បាតសកលកូវីដ១៩ បានចាប់ផ្តើម ហើយគណៈប្រតិភូពាណិជ្ជកម្ម ដែលដឹកនាំដោយនាយករដ្ឋមន្ត្រីដំបូងបង្អស់ របស់ប្រទេសនូវែលសេឡង់ ដែលបានទស្សនកិច្ចនៅចិន គឺតាំងពីឆ្នាំ ២០១៦”។

លោក Hipkins បាននិយាយថា គណៈប្រតិភូពាណិជ្ជកម្មក៏នឹងរួមបញ្ចូល តំណាងមកពីឧស្សាហកម្មអប់រំ និងទេសចរណ៍ផងដែរ៕

ប្រែសម្រួលៈ ណៃ តុលា

To Top