ព័ត៌មានអន្តរជាតិ

អគ្គរដ្ឋទូតរុស្ស៊ីនិយាយថា ទណ្ឌកម្មអាមេរិក គឺជាឧបសគ្គធំបំផុតនៃ ការកសាងប្រទេសស៊ីរីឡើងវិញ

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា អគ្គរដ្ឋទូតរុស្សីប្រចាំនៅប្រទេសស៊ីរីលោក Alexander Efimov បានថ្លែងថាទណ្ឌកម្មអាមេរិក ទៅលើប្រទេសស៊ីរីគឺជាឧបសគ្គដ៏ធំបំផុត នៅក្នុងប្រទេសដែលហែកហួរ ទៅដោយសង្គ្រាមមួយនេះ ក្នុងការកសាងប្រទេសឡើងវិញ ។

សេចក្តីថ្លែងការណ៍ដែលត្រូវបានធ្វើឡើង តាមរយៈបទសំភាសជាមួយ នឹងក្រុមអ្នកកាសែតលោក Efimov បានបន្តទៀតថា ការស្តារប្រទេសឡើងវិញនិងទំនាក់ទំនង រវាងស៊ីរីនិងបណ្តាប្រទេសនៅអារ៉ាប់ កំពុងដំណើរការប៉ុន្តែកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចនៅបន្តជាប់គាំងនៅឡើយ ដោយសារតែទណ្ឌកម្មរបស់អាមេរិក។

លោកបន្តថា៖ ទណ្ឌកម្មទាំងនោះនឹងនៅតែជា ឧបសគ្គដ៏សំខាន់ក្នុងការចូលរួម ឲ្យបានពេញលេញដោយស៊ីរី ទៅក្នុងតំបន់និងការកសាងខ្លួនឯងឡើងវិញ ហើយលោកក៏បានអំពាវនាវឲ្យ លោកខាងលិចក្នុងការលើកលែងទណ្ឌកម្ម និងចំណាត់ការខុសច្បាប់ ទាំងអស់ចេញពីប្រទេសស៊ីរីផង ៕

ប្រែសម្រួល៖ ស៊ុន លី

To Top