ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីចិន សរសើរហុងឌូរ៉ាស ក្នុងការសម្រេចចិត្ត ជាប្រវត្តិសាស្ត្រកាត់ ផ្តាច់ទំនាក់ទំនង ជាមួយនឹងកោះតៃវ៉ាន់

បរទេស ៖ ប្រធានាធិបតីចិន លោក Xi Jinping កាលពីថ្ងៃចន្ទម្សិលមិញនេះ បានធ្វើការថ្លែងការណ៍ លើកសរសើរយ៉ាងខ្លាំង ចំពោះការសម្រេចចិត្ត ជាប្រវត្តិសាស្ត្រ ដោយលោកស្រីប្រធានាធិបតី ហុងឌូរ៉ាស Xiomara Castro ដើម្បីកាត់ផ្តាច់ទំនាក់ទំនង ជាមួយនឹងកោះតៃវ៉ាន់ និងងាកមករករដ្ឋាភិបាល ក្រុងប៉េកាំងជំនួសវិញ កាលពីខែមិនាកន្លងមក ។

យោងតាមការចេញផ្សាយរបស់កាសែត The Kyodo News បានឲ្យដឹងដែរថា មេដឹកនាំទាំងពីរបានជួបពិភាក្សាគ្នា នៅក្នុងរដ្ឋធានីក្រុងប៉េកាំង និងត្រូវបានគេដឹងថា ជាដំណើរទស្សន កិច្ចលើកដំបូង របស់លោកស្រី Castro មកកាន់ប្រទេសចិន ក្រោយការចាប់កំណើត នៃចំណងទំនាក់ទំនងទ្វេភាគីរួចមក ។

គួរឲ្យដឹងដែរថា ក្រោយការសម្រេចចិត្ត របស់លោកស្រីប្រធានាធិបតីហុងឌូរ៉ាស រួចមកគេជឿជាក់ថា ប្រទេសដែលជាអ្នកទទួលស្គាល់ឯករាជ្យ និងអធិបតេយ្យភាព របស់កោះតៃវ៉ាន់ បានធ្លាក់មកស្ថិតនៅក្នុងចំនួនតិចតួចបំផុត ត្រឹមតែ១៣ប្រទេសប៉ុណ្ណោះ។

យោងតាមសេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេសចិន បានឲ្យដឹងដែរថាលោកប្រធានាធីបតី Xi ក៏បានសន្យាក្នុងការជួយគាំទ្រ ដល់សេដ្ឋកិច្ចនិងសង្គមជាតិ របស់ប្រទេសហុងឌូរ៉ាសផងដែរ ក្នុងការអភិវឌ្ឍជាតិនាពេលអនាគត៕

ប្រែសម្រួល៖ស៊ុនលី

To Top