ព័ត៌មានអន្តរជាតិ

អង្គការ​ពលកម្ម​អន្តរជាតិ ​អំពាវនាវ​ឲ្យ​មាន​សកម្មភាព​បញ្ចប់​ពលកម្ម​កុមារ

ហ្សឺណែវ៖ ក្នុង​ទិវា​ពិភពលោក​ប្រឆាំង​នឹង​ពលកម្ម​កុមារ អង្គការ​ពលកម្ម​អន្តរជាតិ (ILO) បាន​អំពាវនាវ​ឲ្យ​មាន​សកម្មភាព​បញ្ចប់​ពលកម្ម​កុមារ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

កាល​ពី​ថ្ងៃ​ចន្ទ អង្គការ ILO បាន​ធ្វើ​កិច្ច​ប្រជុំ​ថ្នាក់​ខ្ពស់​ក្រោម​ប្រធានបទ “យុត្តិធម៌​សង្គម ​សម្រាប់​ទាំង​អស់​គ្នា បញ្ចប់​ពលកម្ម​កុមារ” ដែល​ជា​ព្រឹត្តិការណ៍​ចំហៀង​ក្នុង​សម័យ​ប្រជុំ​នៃ​សន្និសីទ​ការងារ​អន្តរជាតិ ដោយការពិភាក្សាផ្តោតលើការផ្សារភ្ជាប់គ្នារវាង យុត្តិធម៌សង្គម និងការលុបបំបាត់ពលកម្មកុមារ។

ក្រុមអ្នកពិភាក្សាតំណាងឱ្យកម្មករនិយោជិត និយោជក និងរដ្ឋាភិបាល បានសង្កត់ធ្ងន់លើភាពបន្ទាន់នៃការប្រយុទ្ធប្រឆាំង នឹងពលកម្មកុមារ និងបានពិភាក្សាអំពីវិធីដើម្បីបង្កើនយុត្តិធម៌ សង្គម។

លោក Gilbert F. Houngbo អគ្គនាយកអង្គការ ILO បានឲ្យដឹងនៅក្នុងសុន្ទរកថាវីដេអូមួយថា “ជាលើកដំបូងក្នុងរយៈពេល ២០ឆ្នាំ ពលកម្មកុមារ កំពុងកើនឡើងក្នុងឱកាសនេះ។

លោកបានសង្កត់ធ្ងន់ថា “យើងត្រូវបង្កើនការប្រយុទ្ធរបស់យើង ប្រឆាំងនឹងពលកម្មកុមារ ដោយគាំទ្រដល់យុត្តិធម៌សង្គមកាន់តែច្រើន។ ប្រសិនបើយើងធ្វើបែបនេះ ការបញ្ចប់ពលកម្មកុមារ គឺមិនមែនគ្រាន់តែអាចធ្វើទៅបាននោះទេ។

អង្គការ ILO បានឲ្យដឹងថា ពិភពលោក មានការរីកចម្រើនជាលំដាប់ក្នុងការកាត់បន្ថយពលកម្មកុមារតាំងពីឆ្នាំ២០០០ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជម្លោះ វិបត្តិ និងជំងឺរាតត្បាតកូវីដ-១៩ បានធ្វើឱ្យគ្រួសារកាន់តែច្រើនធ្លាក់ចូលទៅក្នុងភាពក្រីក្រ និងបង្ខំកុមាររាប់លាននាក់បន្ថែមទៀតឱ្យទៅជាពលកម្មកុមារ។

សេចក្តីថ្លែងការណ៍បានបន្ថែមថា កំណើនសេដ្ឋកិច្ច មិនទាន់គ្រប់គ្រាន់ ឬរួមបញ្ចូលគ្រប់គ្រាន់ ដើម្បីបន្ធូរបន្ថយសម្ពាធ ដែលគ្រួសារ និងសហគមន៍ជាច្រើនមានអារម្មណ៍។

វិធានការដើម្បីប្រយុទ្ធប្រឆាំងនឹងពលកម្មកុមារ រួមមានការបង្កើត និងការអនុវត្តក្របខ័ណ្ឌច្បាប់ដ៏រឹងមាំមួយដោយផ្អែកលើស្តង់ដារការងារអន្តរជាតិ និងការសន្ទនាសង្គម ការផ្តល់សិទ្ធិជាសាកលដល់ការអប់រំប្រកបដោយគុណភាព និងការការពារសង្គម ព្រមទាំងវិធានការផ្ទាល់ ដើម្បីកាត់បន្ថយភាពក្រីក្រ វិសមភាព និង អសន្តិសុខសេដ្ឋកិច្ច និងលើកកម្ពស់ការងារសមរម្យ សម្រាប់កម្មករពេញវ័យ៕

To Top