ព័ត៌មានអន្តរជាតិ

អាមេរិក ដាក់អង្គភាពចំនួន៤៣ ទៅក្នុងការត្រួតពិនិត្យ សម្រាប់ការបណ្តុះបណ្តាល អ្នកបើកយន្តហោះយោធាចិន និងសកម្មភាពផ្សេងទៀត ដែលគំរាមកំហែងដល់សន្តិសុខជាតិអាមេរិក

បរទេស៖ រដ្ឋបាលរបស់លោក Biden កាលពីថ្ងៃចន្ទបានបន្ថែមអង្គភាពចំនួន ៤៣ ទៅក្នុងបញ្ជីត្រួតពិនិត្យការនាំចេញ រួមទាំង Frontier Services Group Ltd ដែលជាក្រុមហ៊ុនសន្តិសុខ និងអាកាសចរណ៍ដែលគ្រប់គ្រងដោយ Erik Prince សម្រាប់ការបណ្តុះបណ្តាលអ្នកបើកយន្តហោះយោធាចិន និងសកម្មភាពផ្សេងទៀតដែលគំរាមកំហែងដល់សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា សាលាបណ្តុះបណ្តាលហោះហើរ Test Flying Academy នៅប្រទេសអាហ្វ្រិកខាងត្បូង ដែលជាសាលាហោះហើរក្រោមការត្រួតពិនិត្យដោយអាជ្ញាធរក្នុងប្រទេសអង់គ្លេសសម្រាប់ការជ្រើសរើសអ្នកបើកយន្តហោះអតីតយោធារបស់អង់គ្លេសដើម្បីបណ្តុះបណ្តាលអ្នកបើកយន្តហោះយោធាចិន ក៏ត្រូវបានបញ្ចូលទៅក្នុងបញ្ជីអង្គភាពរបស់ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកផងដែរ។

ក្រុមហ៊ុននានាដែលនៅក្នុងបញ្ជីត្រូវបានដាក់កម្រិតពីការទទួលការនាំចេញរបស់សហរដ្ឋអាមេរិកសម្រាប់សកម្មភាពដែលត្រូវបានចាត់ទុកថា ផ្ទុយនឹងផលប្រយោជន៍របស់សហរដ្ឋអាមេរិក។

ការចុះបញ្ជីថ្មីរួមមានគេហទំព័រ Frontier Services Group នៅក្នុងប្រទេសចិន កេនយ៉ា ឡាវ និងអារ៉ាប់រួម, អង្គភាព TFASA នៅអាហ្វ្រិកខាងត្បូង ប្រទេសចិន អារ៉ាប់រួម និងចក្រភពអង់គ្លេស និងអង្គភាព AVIC នៅក្នុងប្រទេសចិន និងអាហ្វ្រិកខាងត្បូង។

ក្រុមហ៊ុនដែលទាក់ទងនឹងអាកាសចរណ៍ត្រូវបានចុះបញ្ជីសម្រាប់ការផ្តល់ការបណ្តុះបណ្តាលដល់អាកាសយានិកយោធាចិន កំពុងប្រើប្រាស់ប្រភពលោកខាងលិច និងអង្គការណាតូ នេះបើយោងតាមច្បាប់ដែលបានបង្ហោះសម្រាប់ការចុះឈ្មោះសហព័ន្ធ។

អង្គភាពរបស់ចិនសរុបចំនួន ៣១ ត្រូវបានបញ្ចូលទៅក្នុងបញ្ជី ដែលមួយចំនួនសម្រាប់ការទទួលបានទំនិញដែលមានប្រភពដើមពីសហរដ្ឋអាមេរិក ដើម្បីគាំទ្រដល់ទំនើបកម្មយោធារបស់ប្រទេសចិន ដូចជាការអភិវឌ្ឍន៍អាវុធលឿនជាងសំឡេងជាដើម៕ប្រែសម្រួលៈ ណៃ តុលា

To Top