ព័ត៌មានអន្តរជាតិ

ក្រុមប្រទេសអឺរ៉ុប​ អនុម័តកញ្ចប់យោធាថ្មីទំហំ ១១៦លានដុល្លារ ជួយអ៊ុយក្រែន

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាកងកម្លាំងដែលដឹកនាំដោយអង់គ្លេសហៅកាត់ថា JEF បានឈានទៅដល់ការព្រមព្រៀងគ្នាក្នុងការផ្តល់ជំនួយជាយោធាថ្មីតម្លៃជាង១០០លានដុល្លារបន្ថែមទៀតឲ្យប្រទេសអ៊ុយក្រែន។

ប្រភពដដែលបានឲ្យដឹងដែរថាកញ្ចប់យោធាថ្មីដែលភាគច្រើនគឺជាប្រព័ន្ធការពារដែនអាកាសហើយដំណើរការនៃការបញ្ជាទិញអាវុធទាំងនេះត្រូវបានធ្វើឡើងដោយមានការឆ្លងកាត់តាមរយៈមូលនិធិអន្តរជាតិសម្រាប់អ៊ុយក្រែនដែលហៅកាត់ថា IFU។

មន្ត្រីជាន់ខ្ពស់របស់អង់គ្លេសបានថ្លែងថា៖ការបរិច្ចាកជំនួយតាមរយៈមូលនិធិ IFU បានអនុញ្ញាតិឲ្យប្រទេសដែលជាម្ចាស់ជំនួយអាចចូលរួមគ្នាក្នុងការបញ្ជាទិញអាវុធដែលអ៊ុយក្រែនចង់បានតាមរយៈឧស្សាហកម្មផលិតអាវុធនានាដោយមិនចាំបាច់ធ្វើការប្រើប្រាស់អាវុធដែលមាននៅក្នុងស្តុករបស់ពួកគេផ្ទាល់នោះឡើយ។

គួរឲ្យដឹងដែរថាមូលនិធិ IFU បានបង្កើតឡើងកាលពីខែសីហាឆ្នាំ២០២២នៅក្នុងកិច្ចប្រជុំកំពូលមួយស្តីអំពីប្រទេសអ៊ុយក្រែននាទីក្រុង Copenhagen ដែលវានឹងផ្តល់សេវាក្នុងការជួយចែកចាយនិងប្រមូលលុយជំនួយនានាដើម្បីយកទៅទិញសព្វាវុធតាមការចង់បានរបស់អ៊ុយក្រែន៕

ប្រែសម្រួល៖ស៊ុនលី

To Top