ព័ត៌មានអន្តរជាតិ

ឧត្តមសេនីយ៍ ប្រាយុទ្ធថា មិនបានចេញបទបញ្ជាពិសេសណាមួយដល់ប៉ូលីស ជុំវិញផែនការវិលចូលស្រុករបស់លោក ថាក់ស៊ីន នោះទេ

បរទេស ៖ នាយករដ្ឋមន្ត្រីដែលជិតផុតអាណត្តិលោក ប្រាយុទ្ធ ចាន់អូចា បាននិយាយកាលពីថ្ងៃអង្គារថា លោកមិនបានផ្តល់ការណែនាំពិសេសណាមួយដល់ប៉ូលិសក្នុងករណីដែលអតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រឡប់មកថៃវិញនៅខែក្រោយនោះទេ។

យោងតាមសារព័ត៌មានថៃ The Nation ចេញផ្សាយកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក ប្រាយុទ្ធ បាននិយាយបែបនេះទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍។

អ្នកយកព័ត៌មាននៅវិមានរដ្ឋាភិបាលបានសួរលោក ប្រាយុទ្ធ ថាតើលោកបានផ្តល់បញ្ជាពិសេសណាមួយដល់អគ្គស្នងការប៉ូលិសភូមិន្ទថៃ លោកឧត្តមសេនីយ៍ ដាំរ៉ុងសាក់ កិតិប្រាប៉ាស (Damrongsak Kittiprapas) ដែលបានមកជួបនាយករដ្ឋមន្ត្រីនៅវិមានរដ្ឋាភិបាលកាលពីថ្ងៃអង្គារ ដែរឬទេ?

លោកថាក់ស៊ីន បាននិយាយម្តងហើយម្តងទៀតថា លោកនឹងត្រឡប់ទៅប្រទេសថៃ វិញនៅខែក្រោយ ដើម្បីឲ្យលោកមានឱកាសនៅជាមួយចៅៗរបស់លោក។

ប៉ុន្តែបើតាមរបាយការណ៍ដែលមិនអាចបញ្ជាក់បានឱ្យដឹងថា លោកស្រី ខុននីយីង ពុតចាម៉ាន់ ណា ពុមបេច្រា (Khunying Potjaman na Pombejra) ដែលនៅតែជាភរិយារបស់លោក ថាក់ស៊ីន ទោះបីជាអ្នកទាំងពីរបានលែងលះគ្នាដោយស្របច្បាប់ក៏ដោយ ប៉ុន្តែលោកស្រីមិនយល់ស្របនឹងផែនការរបស់លោក ថាក់ស៊ីន ក្នុងការវិលត្រឡប់មកវិញនៅខែក្រោយនោះទេ។
ប្រភពបាននិយាយថា លោកស្រី ពុមចាម៉ាន់ ចង់ឱ្យថាក់ស៊ីនរង់ចាំទៀតសម្រាប់ពេលវេលាដ៏សមស្របដើម្បីត្រឡប់មកវិញ។

ការអត្ថាធិប្បាយជាសាធារណៈម្តងហើយម្តងទៀតរបស់លោក ថាក់ស៊ីន អំពីផែនការរបស់លោកក្នុងការវិលត្រឡប់មកវិញ មុនថ្ងៃខួបកំណើតរបស់លោកនៅខែក្រោយ ហាក់ដូចជាធ្វើតាមការប្រកាស នៃសេចក្តីណែនាំថ្មីរបស់នាយកដ្ឋានកែប្រែសម្រាប់ ប្រភេទទណ្ឌិតមួយចំនួនដែលត្រូវឃុំខ្លួននៅខាងក្រៅពន្ធនាគារ។

ឧបនាយករដ្ឋមន្ត្រីថៃ គឺលោក វិស្ណុ គ្រែងាំ (Wissanu Krea-ngam) បានពន្យល់ថា ការណែនាំទៅលើការ ឃុំខ្លួននេះមិនមែនសម្រាប់លោកថាក់ស៊ីនទេ ប៉ុន្តែសម្រាប់អ្នកជាប់ឃុំមួយចំនួនដែលស្ថិតនៅក្រោមវិធានការ កាត់ចោលស្របតាមគោលការណ៍ឧក្រិដ្ឋកម្ម។

លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា បាននិយាយកាលពីថ្ងៃអង្គារថា លោកគ្មានសិទ្ធិអំណាចក្នុងការចេញបញ្ជាណាមួយ ដល់ប៉ូលិសអំពីការវិលត្រឡប់របស់លោកថាក់ស៊ីននោះទេ។

លោក ប្រាយុទ្ធ បាននិយាយទៀតថា លោកថាក់ស៊ីនអាចត្រឡប់មកប្រទេសវិញ នៅពេលណាដែលលោកចង់បាន ដរាបណាលោកគោរពតាមច្បាប់ និងអនុវត្តទោសដែលបានផ្តល់ឱ្យលោក៕ ប្រែសម្រួលៈ ណៃ តុលា

To Top