ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ និងវ៉េណេស៊ុយអេឡា ចុះកិច្ចសន្យា សម្រាប់កិច្ចសហប្រតិបត្តិការក្នុង វិស័យប្រេង

" "

តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន Shana ដែលជាប់ពាក់ព័ន្ធ ជាមួយក្រសួងប្រេងអ៊ីរ៉ង់ បានរាយការណ៍​ថា ប្រទេសអ៊ីរ៉ង់ និងវ៉េណេស៊ុយអេឡា បានចុះហត្ថលេខាលើកិច្ចសន្យាមួយចំនួន សម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យប្រេងរបាយការណ៍បានឲ្យដឹងថា កិច្ចសន្យាត្រូវបានចុះហត្ថលេខា រវាងរដ្ឋមន្ត្រីប្រេងអ៊ីរ៉ង់លោក Javad Owji និងសមភាគី វេណេស៊ុយអេឡាលោក Pedro Rafael Tellechea នៅទីក្រុងការ៉ាកាស កាលពីថ្ងៃចន្ទ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌​មានចិនស៊ិនហួ។

ប្រភពបានបន្ថែមកិច្ចព្រមព្រៀងទាក់ទងនឹងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍអណ្តូងប្រេង និងស្ថានីយប្រេង និងការស្ដារឡើងវិញនូវសមត្ថភាពគីមីឥន្ធនៈ និងការចម្រាញ់។

" "

របាយការណ៍បានឲ្យដឹងថា កិច្ចសហប្រតិបត្តិការរវាងអ៊ីរ៉ង់ និងវ៉េណេស៊ុយអេឡា ក្នុងវិស័យប្រេងបានឈានចូលដំណាក់ កាលថ្មីមួយ បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងបឋមមួយ កាលពីឆ្នាំមុនរវាងប្រទេសទាំងពីរ ដើម្បីអភិវឌ្ឍរោងចក្រចម្រាញ់ប្រេង Venezuelan ដោយប្រើចំណេះដឹងបច្ចេកទេស និងឧបករណ៍របស់អ៊ីរ៉ង់។

" "

ទីភ្នាក់ងារសារព័ត៌មាន IRIB របស់អ៊ីរ៉ង់ បានរាយការណ៍ថា លោក Owji បានលើកឡើងថា ប្រទេសអ៊ីរ៉ង់ បាននាំចេញគ្រឿងបន្លាស់ ជាង ២,៨ លានរោងចក្រចម្រាញ់ ទៅកាន់ប្រទេសវេណេស៊ុយអេឡា ក្នុងរយៈពេល ២០ ខែចុងក្រោយនេះ។

លោក Owji បានធ្វើការកត់សម្គាល់នៅក្នុងសុន្ទរកថាទៅកាន់អ្នកសារព័ត៌មាននៅខាងក្រៅដំណើរទស្សនកិច្ចរបស់លោកទៅកាន់រដ្ឋធានីការ៉ាកាស របស់ប្រទេសវេណេស៊ុយអេឡា ក្នុងនាមជាសមាជិកនៃគណៈប្រតិភូនយោបាយ និងសេដ្ឋកិច្ចជាន់ខ្ពស់ ដែលអមដំណើរប្រធានាធិបតីអ៊ីរ៉ង់ Ebrahim Raisi ។

ជាមួយគ្នានេះ អ៊ីរ៉ង់ និងវ៉េណេស៊ុយអេឡា ស្ថិតនៅលើ ៤០ ភាគរយនៃទុនបម្រុងប្រេងរបស់ពិភពលោក នេះបើយោងតាមគេហទំព័រ Shana។ ប្រភពបានឲ្យដឹងថា ឧស្សាហកម្មប្រេងរបស់ប្រទេសទាំងពីរ ស្ថិតនៅក្រោមការដាក់ទណ្ឌកម្មឯកតោភាគីរបស់សហរដ្ឋអាមេរិក។

គេហទំព័រ Shana បានបន្ថែមថា ទោះបីជាមានទណ្ឌកម្មក៏ដោយ ក៏អ៊ីរ៉ង់បានគ្រប់គ្រងការផលិតក្នុងស្រុកចំនួន ៨៥ ភាគរយនៃបរិក្ខារ ដែលត្រូវការសម្រាប់ឧស្សាហកម្មប្រេងរបស់ខ្លួន។ លោក Raisi បានលើកឡើងថា ការមាន “ផលប្រយោជន៍ ទស្សនៈ និងសត្រូវ” រួមបានធ្វើឱ្យទំនាក់ទំនងរវាងទីក្រុង តេអេរ៉ង់ និងទីក្រុងការ៉ាកាស “ស៊ីជម្រៅ និងជាយុទ្ធសាស្ត្រ”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top