ព័ត៌មានអន្តរជាតិ

អត្រាអតិផរណា ក្នុងប្រទេសអាល្លឺម៉ង់ បន្តធ្លាក់ចុះត្រឹម៦,១ភាគរយកាលពីខែឧសភា

បរទេស ៖ ទីភ្នាក់ងារចិនស៊ុនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា អត្រាអតិផរណា នៅក្នុងប្រទេសអាល្លឺម៉ង់ បានបន្តធ្លាក់ចុះ មកត្រឹមតែ៦,១ភាគរយប៉ុណ្ណោះ កាលពីខែឧសភា គឺជាអត្រាធ្លាក់ចុះខ្លាំងបំផុត មិនធ្លាប់មានតាំងតែពីខែមិនា ឆ្នាំ២០២២។

ប្រភពដដែលបាន ឲ្យដឹងដែរថា ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេបំផុត នៅអឺរ៉ុបមួយនេះបានឡើងអត្រា អតិផរណាដល់កម្រិតខ្ពស់បំផុត កាលពីខែមេសាកន្លងទៅ ប្រមាណជា៧,២ភាគរយ ប៉ុន្តែបានបន្តធ្លាក់ចុះ មកវិញបន្តិចម្តងៗ ចាប់ពីពេលនោះមក។

អ្នកជំនាញ របស់អាល្លឺម៉ង់ បានបញ្ជាក់ថាតម្លៃអាហារ ដែលនៅតែបន្តកើនឡើងនោះគឺ ជាកត្តាដ៏សំខាន់បំផុត ដែលនាំឲ្យអត្រាអតិផរណា របស់ប្រទេសកើនឡើងខ្លាំង ពោលគឺស្ថិតនៅក្នុងកម្រិត១៤,៩ភាគរយ នៅឡើយក្នុងពេលបច្ចុប្បន្ន ខណៈដែលផលិតផលអាហារប្រភេទទឹកដោះ មានកំណើនខ្ពស់ដល់ទៅ២៨,២ភាគរយ។

ដោយឡែក ចំពោះតម្លៃសម្រាប់ ថាមពលបានធ្លាក់ ចុះមកត្រឹមតែ២,៦ភាគរយ កាលពីខែឧសភាហើយតម្លៃហ្គាស និងអុសសម្រាប់ដុតនៅតែបន្តកើនឡើង លើសគេទៅដល់ជាង២០ភាគរយ ហើយតាមបន្ទាប់ដោយតម្លៃប្រេង ប្រមាណជា១៥,៥ភាគរយ៕

ប្រែសម្រួល៖ស៊ុនលី

To Top