បរទេស ៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញខ្លួននៅចំពោះមុខ ចៅក្រមសហព័ន្ធក្នុងទីក្រុង ម៉ៃអាមី កាលពីថ្ងៃអង្គារ ដើម្បីបញ្ជាក់អំពីភាព គ្មានកំហុស ចំពោះការចោទប្រកាន់ថា លោកបានរក្សាទុកឯកសារសន្តិសុខជាតិ ជាច្រើនប្រភេទដោយខុសច្បាប់ បន្ទាប់ពីលោកបានចាកចេញ ពីសេតវិមាន និង រារាំងកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋាភិបាលក្នុងការទាញយកឯកសារ ទាំងនោះមកវិញ។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក ដូណាល់ ត្រាំ បានក្លាយជាអតីតប្រធានាធិបតី អាមេរិកដំបូងគេ ដែលប្រឈមមុខ នឹងការចោទប្រកាន់ របស់សហព័ន្ធ នៅពេលដែលគណៈវិនិច្ឆ័យធំនៅទីក្រុង ម៉ៃអាមី កាលពីសប្តាហ៍មុន បានចោទប្រកាន់លោកចំនួន ៣៧ ករណី ពាក់ព័ន្ធនឹងការចោទប្រកាន់ លោកបានចាត់ចែងឯកសារមិនត្រឹមត្រូវ។
ការចោទប្រកាន់ដែលមិនត្រូវបានបញ្ចេញឱ្យដឹងកាលពីថ្ងៃទី ៩ ខែមិថុនា គឺបានចោទលោក ដូណាល់ ត្រាំ ៣១ករណី នៃ “ការរក្សាទុកដោយចេតនា” នៃព័ត៌មានការពារជាតិ ដែលចំនួននីមួយៗតំណាងឱ្យឯកសារផ្សេងគ្នាដែលលោក ត្រាំ ត្រូវបានចោទប្រកាន់ថា បានយកពីសេតវិមានទៅកាន់លំនៅដ្ឋាននៅ ម៉ា អា ឡាហ្គោ ហើយបានបដិសេធមិន ព្រមប្រគល់ត្រឡប់មកវិញ បន្ទាប់ពីត្រូវបានគេទាមទារ។
ក៏មានការចោទប្រកាន់ទៀតថា លោក ត្រាំ បានបង្ហាញឯកសារដែលបានចាត់ថ្នាក់ ក្នុងឱកាសពីរដល់អ្នកដទៃ ហើយថា លោកបានសមគំនិត ជាមួយជំនួយការម្នាក់គឺ Walt Nauta ដើម្បីរក្សាឯកសារចេញ ពីដៃអ្នកស៊ើបអង្កេត ៕