បរទេស៖ ប្រធានាធិបតីអាមេរិក Joe Biden បានបញ្ជូនទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានលោក Jake Sullivan ទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុន ក្នុងសប្តាហ៍នេះ ដើម្បីពិភាក្សាជាមួយសមភាគីមកពីប្រទេសជប៉ុន ហ្វីលីពីន និងកូរ៉េខាងត្បូង។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រុមប្រឹក្សាសន្តិសុខជាតិ របស់សេតវិមាន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអង្គារថា លោក Sullivan នឹងចូលរួមក្នុង “កិច្ចប្រជុំត្រីភាគីជាលើកដំបូង ដែលមិនធ្លាប់មាន របស់ទីប្រឹក្សាសន្តិសុខជាតិជប៉ុន ហ្វីលីពីន និងសហរដ្ឋអាមេរិក” ខណៈពេលដែលនៅក្នុង ប្រទេសជប៉ុន។
សេតវិមានបានផ្តល់ព័ត៌មានលម្អិត តិចតួចអំពីដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ របស់លោក Sullivan ដែលចាប់ផ្តើមថ្ងៃព្រហស្បតិ៍ដោយនិយាយថា លោក Sullivan និងសមភាគីរបស់លោក “នឹងពិភាក្សាអំពីវិធីដើម្បីធ្វើឱ្យស៊ីជម្រៅកិច្ច សហប្រតិបត្តិការលើបញ្ហាសំខាន់ៗក្នុងតំបន់ និងពិភពលោក”។
ដំណើរទស្សនកិច្ចរបស់លោក Sullivan ធ្វើឡើងបន្ទាប់ពីនាវាឆ្មាំឆ្នេរ សមុទ្រអាមេរិក ជប៉ុន និងហ្វីលីពីន បានធ្វើសមយុទ្ធពង្រឹងច្បាប់ នៅក្នុងដែនទឹកក្បែរសមុទ្រចិនខាងត្បូង ដែលមានជម្លោះ កាលពីដើមខែនេះ ។ ទីក្រុងវ៉ាស៊ីនតោនបានបង្កើន កិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹង សម្ព័ន្ធភាពនៅក្នុងតំបន់អាស៊ី ចំពេលមានការប្រកួតប្រជែង កាន់តែតានតឹងជាមួយប្រទេសចិន៕