ព័ត៌មានអន្តរជាតិ

Update៖ ពលរដ្ឋជាង៤៧.០០០នាក់ ជម្លៀសខ្លួនចេញរដ្ឋភាគខាងលិច នៃប្រទេសឥណ្ឌា ខណៈព្យុះស៊ីក្លូន ខិតជិតមកដល់តំបន់ឆ្នេរ

ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ថា រដ្ខាភិបាលបានឲ្យដឹងថា ពលរដ្ឋជាង៤៧,០០០នាក់ ត្រូវបានជម្លៀសខ្លួនចេញពីផ្ទះសម្បែងនៅរដ្ឋ Gujarat ដែលស្ថិតនៅភាគខាងលិចនៃប្រទេសឥណ្ឌា ខណៈដែលព្យុះស៊ីក្លូនបង្កហន្តរាយខ្លំាងឈ្មោះថា “Biparjoy” ខិតជិតមកតំបន់ឆ្នេរភាគខាងលិចរបស់ប្រទេសនេះ ។

ព្យុះស៊ីក្លូនខាងលើនេះត្រូវបានគេរំពឹងថា នឹងបោកបក់ខ្លាំងមកលើតំបន់នោះនៅថ្ងៃព្រហស្បតិ៍នេះ ។

លោក Mohsen Shahidi មន្ត្រីជាន់ខ្ពស់នៃកងកម្លាំងឆ្លើយតបគ្រោះមហន្តរាយជាតិ ហៅកាត់ថា (NDRF) បានប្រាប់ដល់យកព័ត៌មានថា ដំណើរការនៃការជម្លៀសពលរដ្ឋចេញពីតំបន់ឆ្នេរបានដំណើរការអស់រយៈពេល២ថ្ងៃមកហើយ ។

គាត់ប្រាប់ថា ភូមិដែកស្ថិតនៅតាមតំបន់ទំនាបកណ្តាកចំនួន៤៤២ក្នុងស្រុកចំនួន៨នៅក្នុងរដ្ឋ Gujarat ទំនងជារងផលប៉ះពាល់ដោយព្យុះស៊ីក្លូនដ៏ធ្ងន់ធ្ងរបំផុតនេះ ។

តាមបទបញ្ជារបស់អាជ្ញាធរស្រុកក្នុងក្រុង Daman បានចេញបទបញ្ជាផ្លូវការមួយហាមប្រាមការចល័តមនុស្សនៅលើតំបន់ឆ្នេរ ការដើរលេង និងកន្លែងផ្សេងទៀតនៅជិតឆ្នេរសមុទ្រចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៧ខែមិថុនានេះ ។

កងទ័ពជើងទឹកឥណ្ឌា បានឲ្យដឹងថា កប៉ាល់ចំនួន៤គ្រឿងដែលមានជំនួយមនុស្សធម៌ និងជំនួយសង្គ្រោះគ្រោះមហន្តរាយបានដំណើរការ និងកំពុងរង់ចាំការជូនដំណឹងបន្ទាន់ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top