ព័ត៌មានអន្តរជាតិ

អាមេរិក ព្រមានពីការវិនិច្ឆ័យ ខុសជាមួយចិន ចំពេលមានភាពតានតឹងកើនឡើង

បរទេស៖ មន្ត្រីអាមេរិកបាននិយាយថា សហរដ្ឋអាមេរិកកំពុងបង្កើនការចូលរួមជាមួយប្រទេសចិន ខណៈដែលអាមេរិកមើលឃើញពីសក្តានុពលសម្រាប់ការគណនាខុសជាមួយនឹងដៃគូប្រកួតប្រជែងកំពូលរបស់ខ្លួនកំពុងកើនឡើង។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រសួងការបរទេសសហរដ្ឋអាមេរិកបានប្រកាសកាលពីថ្ងៃពុធថា រដ្ឋមន្ត្រីការបរទេស លោក Antony Blinken នឹងធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំងក្នុងសប្តាហ៍នេះ។

ក្រសួងការបរទេសអាមេរិក បាននិយាយថាក្នុងអំឡុងពេលនៃដំណើរនេះ លោក Blinken ត្រូវបានគេរំពឹងថានឹងជួបជាមួយមន្ត្រីជាន់ខ្ពស់ចិន រួមទាំងរដ្ឋមន្ត្រីការបរទេស លោក Qin Gang ផងដែរ។

ដំណើរទស្សនកិច្ចនេះត្រូវបានគេមើលឃើញថា ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលលោក Biden ក្នុងការជួសជុលទំនាក់ទំនងជាមួយក្រុងប៉េកាំង បន្ទាប់ពីមានការប៉ះទង្គិចការទូតជាបន្តបន្ទាប់រវាងប្រទេសទាំងពីរ។

លោក Daniel Kritenbrink ជំនួយការរដ្ឋលេខាធិការទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បាននិយាយនៅក្នុងសន្និសីទតាមទូរស័ព្ទជាមួយអ្នកយកព័ត៌មានថា “យើងនឹងចាប់ផ្តើមជាមួយទីក្រុងប៉េកាំងជាមួយនឹងវិធីសាស្រ្តជាក់ស្តែង ទំនុកចិត្ត និងបំណងប្រាថ្នាដ៏ស្មោះស្ម័គ្រក្នុងការគ្រប់គ្រងការប្រកួតប្រជែងរបស់យើងតាមវិធីដែលមានការទទួលខុសត្រូវបំផុត”។

លោក Blinken កាលពីថ្ងៃអង្គារបានអំពាវនាវឱ្យ “រក្សាទំនាក់ទំនងបើកចំហ” ជាមួយប្រទេសចិនដើម្បីជៀសវាង “ការគណនាខុស និងបង្កទៅជាជម្លោះ” ក្នុងអំឡុងពេលការហៅទូរស័ព្ទជាមួយលោក Qin រដ្ឋមន្រ្តីការបរទេសចិន, នេះបើយោងតាមក្រសួងការបរទេសអាមេរិក៕ប្រែសម្រួលៈ ណៃ តុលា

To Top