បរទេស៖ ប្រធានាធិបតី អ៊ុយក្រែនលោក Vladimir Zelensky កាលពីថ្ងៃសុក្រម្សិលមិញនេះ បានចេញមកធ្វើការប្រកាសស្នើសុំ ឲ្យបណ្តាមេដឹកនាំអាហ្វ្រិក ក្នុងការជុំរុញឲ្យលោកប្រធានាធិបតី រុស្សី Vladimir Putin ក្នុងការដោះលែងក្រុមអ្នកទោសនយោបាយ របស់អ៊ុយក្រែន ជាច្រើនដែលមានប្រភព នៅតំបន់ Crimea និងតំបន់ជាច្រើនទៀត។
យោងតាមការចេញផ្សាយរបស់កាសែត Japan Today បានឲ្យដឹងដែរថាលោក Zelensky បានលើកឡើងបន្ថែមថា ប្រសិនបើការងារនេះជោគជ័យ វានឹងក្លាយទៅជាជំហានដ៏សំខាន់មួយ នៃដំណើរទស្សនកិច្ច ជាប្រវត្តិសាស្ត្ររបស់បណ្តាមេដឹកនាំអាហ្វ្រិក ទាំង៧រូប ទៅកាន់ប្រទេសរុស្សី នៅថ្ងៃសៅរ៍នេះ។
មេដឹកនាំអាហ្វ្រិកទាំង៧ប្រទេស ដែលមានដូចជាប្រទេស Comoros, Senegal, South Africa, Zambia, Egypt, Congo និង Uganda កាលពីថ្ងៃសុក្រម្សិលមិញនេះ បានធ្វើដំណើរទៅបំពេញទស្សនកិច្ច ក្នុងប្រទេសអ៊ុយក្រែន និងត្រូវបានគេដឹងថាគឺជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងដើម្បីស្វែងរកសន្តិភាព ជូនអ៊ុយក្រែន។
តាមផែនការបណ្តាមេដឹកនាំទាំង៧រូប របស់អាហ្វ្រិកក៏នឹងត្រូវធ្វើដំណើរ ទៅដល់ប្រទេសរុស្សីផងដែរ នៅថ្ងៃសៅរ៍នេះដើម្បីជួបជាមួយនឹងមេដឹកនាំ ប្រទេសរុស្សីលោក Vladimir Putin នៅក្នុងទីក្រុង St. Petersburg៕
ប្រែសម្រួល៖ស៊ុនលី