ជាភូមិសាស្រ្ត ទីបេត៍ដែលជាតំបន់ស្វយ័តមួយ ក្នុងចំណោមតំបន់ស្វយ័តទាំង៥ របស់ប្រទេសចិន គឺជាតំបន់ខ្ពង់រាបដ៏ធំល្វឹងល្វើយមួយ ដោយលាតសន្ធឹងប្រមាណ១.០០០គីឡូម៉ែត្រ ពីភាគខាងជើង ទៅភាគខាងត្បូង និង២៥០០ គីឡូម៉ែត្រ ពីភាគខាងកើត ទៅភាគខាងលិច។
តំបន់ទីបេត៍មានកម្ពស់ ជាមធ្យមពី៤.៥០០ម៉ែត្រ ពេលខ្លះត្រូវបានគេ ហៅថាជាដំបូលរបស់ពិភពលោក និងជាតំបន់ខ្ពង់រាបខ្ពស់បំផុត និងធំបំផុតរបស់ពិភពលោក ព័ទ្ធជុំវិញដោយភ្នំហិមាល័យ។ ពោរពេញដោយសក្តានុពល ផ្នែកវប្បធម៌ដ៏មហាសាល តំបន់ទីបេត៍គឺជាស្ពានសន្តិភាពតភ្ជាប់ដ៏សំខាន់ រវាងចិន ជាមួយបណ្តាប្រទេសនៅអាស៊ីខាងត្បូង ហើយជាច្រកវប្បធម៌ចម្រុះ នៅក្នុងការបង្កើនឧត្តមានុភាព ដល់ការឈ្វេងយល់ពីភាពចម្រុះពណ៌ នៃវប្បធម៌ចិនដែលបានកំពុងផ្តល់នូវកម្លាំងយ៉ាងខ្លាំងក្លាដល់គំនិតផ្តួចផ្តើមអរិយធម៌សកល។
ជាការចូលរួមអនុវត្ត ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលជាក់ស្តែង ស្របតាមគោលនយោបាយ របស់រដ្ឋាភិបាល ពិព័រណ៍វប្បធម៌ទេសចរណ៍ទីបេត៍ លើកទី៥ ដែលបានប្រព្រឹត្តទៅនៅទីក្រុងឡាសា កាលពីថ្ងៃទី១៦ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ ជាការគូសបញ្ជាក់បន្ថែមទៀតថា តំបន់ស្វយ័តទីបេត៍ គឺជាគំរូភាពមួយសាមគ្គីភាពរបស់ជនជាតិទីបេត៍ និងបណ្តាជនជាតិដទៃទៀត នៅក្នុងចរន្តពហុជាតិពន្ធុសម្រាប់វឌ្ឍនភាព តំបន់ទីបេត៍និយាយដោយឡែក និងការអភិវឌ្ឍជាតិ ឱ្យខ្លាំងក្លានិយាយរួម។ ពិព័រណ៍វប្បធម៌ទេសចរណ៍ទីបេត៍លើកទី៥ បានផ្តល់នូវខ្លឹមសារជាសារវន្ត ស្តីពីគំរូភាពនៃការរួបរួមកម្លាំងសាមគ្គី និងវឌ្ឍនភាពសម្រាប់ការអភិវឌ្ឍសង្គម ប្រកបដោយគុណភាពខ្ពស់ នៅតំបន់ខ្ពង់រាប ។ បន្ថែមពីនេះ ពិព័រណ៍វប្បធម៌ទេសចរណ៍ ទីបេត៍លើកទី៥ ក៏ជាការលើកកម្ពស់នូវការប្រើប្រាស់ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដើម្បីរំលេចពីការអភិវឌ្ឍសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គមរបស់ប្រជាជនចិន នៅតំបន់ស្វយ័តទីបេត៍ផងដែរ។
ជាការបង្ហាញនូវការគាំទ្រដល់វឌ្ឍនភាព និងភិយ្យោភាពរបស់តំបន់ស្វយ័តទីបេត៍ លោក Xi Jinping បានទៅបំពេញទស្សនកិច្ច នៅតំបន់ស្វយ័តទីបេត៍កាលពីឆ្នាំ២០១១ និងឆ្នាំ២០២១ ដោយបានផ្តោតលើកិច្ចបង្កើនជីវភាពរស់នៅ កាន់តែប្រសើររបស់ជនជាតិចិនទីបេត៍ ដែលជាគោលការណ៍គ្រឹះដ៏សំខាន់ នៃគោលនយោបាយដើម្បីលើកកម្ពស់ និងកែលម្អប្រព័ន្ធស្វ័យភាពជាតិសាសន៍ ក្នុងតំបន់ស្វយ័តទីបេត៍។ បន្ថែមពីលើនេះរដ្ឋាភិបាលចិន បានផ្តោតទៅលើការខិតខំប្រឹងប្រែងរបស់ខ្លួន លើកទឹកចិត្តដល់ជនជាតិចិនទីបេត៍ ចូលរួមក្នុងរង្វង់នៃមហាសាមគ្គីភាព របស់ប្រជាជាតិចិន ដោយប្រតិបត្តិតាមគន្លងមាគ៌ា អភិវឌ្ឍន៍តាមចរន្តទំនើបកម្ម នៃសង្គមនិយមតាមបែបផែនចិន ព្រមទាំងរួមចំណែកដល់ការសម្រេច បាននូវក្តីសុបិនចិន ក្នុងការស្តារភាពអស្ចារ្យឡើងវិញ នៃប្រជាជាតិចិនផងដែរ។
ជាតថភាពតំបន់ស្វយ័តទីបេត៍ ជាតំបន់ប្រកបដោយសក្តានុពលយ៉ាងសំខាន់មួយ លើវិស័យទេសចរណ៍វប្បធម៌ ដែលក្នុងនោះវិមានPotala ស្ថិតនៅលើភ្នំMabu នៅភាគពាយព្យនៃទីក្រុងឡាសា គឺជាអាគារដ៏ធំបំផុតនៅក្នុងពិភពលោក ហើយក៏ជាវាំងបុរាណដ៏ធំបំផុត និងមានល្អប្រណិតបំផុតនៅទីបេត៍ ត្រូវបានចុះបញ្ចូលជាតំបន់បេតិកភណ្ឌពិភពលោក ក្នុងបញ្ជីរបស់អង្គការយូណេស្កូនាឆ្នាំ១៩៩៤។ យើងនៅចាំបានថា កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ក្នុងសារលិខិតចូលរួម អបអរសាទរ«វេទិកាអភិវឌ្ឍន៍ទីបេត៍ឆ្នាំ២០២៣» ថាក្នុងដំណើរថ្មី នៃការលើកកម្ពស់ទំនើបកម្មតាមបែបផែនចិន សង្ឃឹមថាទីបេត៍នឹងអនុវត្តយ៉ាងពេញលេញ ត្រឹមត្រូវ និងទូលំទូលាយនូវគំនិតអភិវឌ្ឍថ្មី ពន្លឿនការលើកកម្ពស់ ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងខិតខំកសាងទំនើបកម្មសង្គមនិយម ដែលមានការរួបរួម ភាពរុងរឿង អរិយធម៌ ភាពចុះសម្រុងគ្នា និងស្រស់ស្អាត ដើម្បីឲ្យប្រជាជនមានជីវភាពរស់នៅ កាន់តែមានសុភមង្គល។
ជារួម សុភមង្គលរបស់ប្រជាជនចិន រស់នៅតំបន់ស្វយ័តទីបេត៍ គឺជាសិទ្ធិរបស់មនុស្សដ៏អស្ចារ្យបំផុត ហើយការអភិវឌ្ឍដ៏ខ្លាំងក្លា នៅក្នុងតំបន់ស្វយ័តទីបេត៍គឺជាគន្លឹះ ក្នុងការសម្រេចបាននូវសុភមង្គល របស់ប្រជាជនចិន រស់នៅក្នុងតំបន់ស្វយ័តទីបេត៍ និយាយដោយឡែក ប្រជាជនចិនទាំងអស់និយាយរួម។ ពិព័រណ៍វប្បធម៌ទេសចរណ៍ទីបេត៍ លើកទី៥គឺជាកាលានុវត្តភាព និងជាវេទិកាផ្សព្វផ្សាយ កាន់តែទូលំទូលាយនូវសម្លេងសុភមង្គល របស់ប្រជាជនចិនរស់នៅតំបន់ស្វយ័តទីបេត៍ ស្តីពីសន្តិភាពវប្បធម៌ឱ្យក្លាយជាគំរូភាពមួយ នៃការចូលរួមជាមួយបណ្តាប្រជាជាតិទាំងអស់ ក្នុងពិភពលោកដើម្បីសម្រេចបាន នូវគោលដៅរួមគឺកិច្ចកសាងសហគមន៍ជោគវាសនារួម នៃមនុស្សជាតិ៕
ដោយបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន