ព័ត៌មានអន្តរជាតិ

ជប៉ុន យល់ព្រមបង្កើត ប្រព័ន្ធទំនាក់ទំនង ការកសាងឡើងវិញ ជាមួយអ៊ុយក្រែន

តូក្យូ ៖ ប្រទេសជប៉ុន បានយល់ព្រមកាលពីថ្ងៃចន្ទ ជាមួយអ៊ុយក្រែន ដើម្បីបង្កើតប្រព័ន្ធទំនាក់ទំនង ដែលនឹងគាំទ្រដល់ប្រទេសអឺរ៉ុបខាងកើត ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការកសាងឡើងវិញនូវតំបន់ ដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ក្នុងអំឡុងពេលការឈ្លានពាន របស់រុស្ស៊ី ដែលកំពុងបន្ត។

នៅក្នុងពិធីមួយក្នុងទីក្រុងតូក្យូ រដ្ឋមន្ត្រីការកសាងឡើងវិញ របស់ប្រទេសជប៉ុន លោក Hiromichi Watanabe និងលោក Oleksandr Kubrakov ឧបនាយករដ្ឋមន្ត្រី សម្រាប់ការ ស្ដារឡើង វិញ​អ៊ុយក្រែន បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់មួយទាក់ទង នឹងគំនិតផ្តួចផ្តើមគាំទ្រ ការកសាងឡើងវិញ។

តាមសំណើរបស់អ៊ុយក្រែន ទីក្រុងតូក្យូ មានបំណងផ្តល់ដំបូន្មាន និងចំណេះដឹងដល់ទីក្រុងគៀវ ដើម្បីប្រើប្រាស់ក្នុងការកសាងឡើងវិញនូវតំបន់ ដែលត្រូវបានបំផ្លិចបំផ្លាញ ដោយផ្អែកលើបទពិសោធន៍ដែលទទួលបានពីការរញ្ជួយដីដ៏ធំក្នុងឆ្នាំ២០១១ និងរលកយក្សស៊ូណាមិ ដែលបានវាយប្រហារតំបន់ភាគឦសាននៃប្រទេសជប៉ុន។

រដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា ប្រទេសជប៉ុន នឹងជួយក្នុងការកសាងផ្ទះ និងសាលារៀនឡើងវិញ និងក្នុងការស្ដារឡើងវិញនូវសេវាទឹក និងលូ និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដែលត្រូវបានបំផ្លាញក្នុងអំឡុងសង្គ្រាម ដែលធ្វើដោយរុស្ស៊ីចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២ មក។

ក្នុងពិធីនោះលោក Kubrakov បានសម្តែងការដឹងគុណ ចំពោះជំនួយរបស់ទីក្រុងតូក្យូ ក្នុងការកសាងឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ច ដែលត្រូវបានបំផ្លិចបំផ្លាញ របស់អ៊ុយក្រែន ដោយលើកឡើងថា “បទពិសោធន៍ និងចំណេះដឹងរបស់ប្រទេសជប៉ុន មានតម្លៃខ្លាំងណាស់”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top