ព័ត៌មានអន្តរជាតិ

លោក Blinken ទំនងជាជួបជា មួយប្រមុខរដ្ឋចិនលោក ស៊ី ជីនពីង ខណៈទំនាក់ទំនង កំពុងតានតឹង

ប៉េកាំង ៖ អ្នកការទូតកំពូលរបស់ចិន លោក វ៉ាង យី និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានជួបប្រជុំគ្នានៅទីក្រុងប៉េកាំង នៅថ្ងៃចន្ទនេះ ចំពេលមានភាពតានតឹង ទ្វេភាគីកើនឡើងលើបញ្ហាកោះតៃវ៉ាន់ និងបញ្ហាផ្សេងៗទៀត ដោយអ្នកការទូតកំពូល អាមេរិករូបនេះ ទំនងជានឹងជួបមេដឹកនាំចិនលោក ស៊ី ជីនពីង នៅថ្ងៃបន្ទាប់។

លោក Blinken ដែល​កំពុង​បំពេញ​ទស្សនកិច្ច ​រយៈពេល​ពីរ​ថ្ងៃ​នៅ​ទីក្រុង​ប៉េកាំង ​រហូត​ដល់​ថ្ងៃ​ចន្ទនេះ ដោយ​បាន​ចាប់​ដៃ​ជាមួយ​លោក វ៉ាង យី មុន​ពេល​ពួកគេ​ចាប់​ផ្តើម​ការ​ចរចា ដោយ​បុរស​ទាំង​ពីរ​ត្រូវ​បាន​គេ​ឃើញ​ក្នុង​វីដេអូ ​ដែល​ផ្តល់​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​ចិន ​រក្សា​ការ​បញ្ចេញ​មតិ​តឹងតែង​នៅ​ចំពោះ​មុខ​កាមេរ៉ា ។

កិច្ចពិភាក្សានេះ បានធ្វើឡើងបន្ទាប់ពីកិច្ចសន្ទនារវាងលោក Blinken និងរដ្ឋមន្ត្រីការបរទេសចិន Qin Gang កាលពីថ្ងៃមុន ដែលមានរយៈពេល ៧ម៉ោងកន្លះ រួមទាំងអាហារពេលល្ងាច សម្រាប់កិច្ចពិភាក្សាការងារផងដែរ ។

ក្នុងអំឡុងពេលកិច្ចប្រជុំកាលពីថ្ងៃអាទិត្យលោក Blinken និងលោក Qin បានយល់ព្រមថា ប្រទេសរបស់ពួកគេនឹងបន្តការសន្ទនា ហើយរដ្ឋមន្ត្រីការបរទេសចិន ត្រូវបានអញ្ជើញឱ្យទៅទីក្រុងវ៉ាស៊ីនតោន ដើម្បីបន្តការពិភាក្សា។

លោក Qin បានពណ៌នាទំនាក់ទំនងចិន-អាមេរិកថាជា “ចំណុចទាបបំផុតចាប់តាំងពីការបង្កើតឡើងមក” ហើយបានសង្កត់ធ្ងន់លើតម្រូវការ សម្រាប់ទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន ធ្វើការដើម្បីស្ថិរភាព និងដឹកនាំទំនាក់ទំនងឱ្យត្រឡប់ទៅរកផ្លូវត្រូវវិញ” ។

លោករដ្ឋមន្ត្រីក៏បានសម្តែងការប្តេជ្ញាចិត្តរបស់ប្រទេសចិនក្នុង “ការកសាងទំនាក់ទំនងស្ថិរភាព អាចព្យាករណ៍បាន និងស្ថាបនា” ជាមួយសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

លើបញ្ហាកោះតៃវ៉ាន់ ដែលក្រុងប៉េកាំងចាត់ទុកថា ជារបស់ខ្លួន លោក Qin បានចង្អុលបង្ហាញថា បញ្ហាទាក់ទងនឹងកោះប្រជាធិបតេយ្យ ដែលគ្រប់គ្រងដោយខ្លួនឯងគឺជា “ផលប្រយោជន៍ស្នូលរបស់ចិន” និង “ហានិភ័យច្បាស់លាស់បំផុត នៅក្នុងទំនាក់ទំនងចិន-អាមេរិក”៕

To Top