ព័ត៌មានអន្តរជាតិ

លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សា ការងារជាមួយលោក Antony Blinken រដ្ឋមន្រ្តីការបរទេសអាមេរិក

រសៀលថ្ងៃទី ១៩ មិថុនា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សា ការងារជាមួយលោក Antony Blinken រដ្ឋមន្រ្តីការបរទេសអាមេរិក នៅវិមានសភាប្រជាជនក្រុងប៉េកាំង ។

ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinping បានសង្កត់ធ្ងន់ថា តើចិននិងសហរដ្ឋអាមេរិក អាចរួមរស់នៅតាមរបៀបត្រឹមត្រូវឬអត់ វាពាក់ព័ន្ធដល់ជោគវាសនា របស់មនុស្សជាតិទាំងមូល ។ បច្ចុប្បន្ននេះ សហគមន៍អន្តរជាតិ មានការព្រួយបារម្ភជាទូទៅ ចំពោះស្ថានការណ៍បច្ចុប្បន្ន នៃទំនាក់ទំនងរវាងចិន និងអាមេរិកដោយមិនសង្ឃឹម ឱ្យកើតមានការប៉ះទង្គិច និងបដិបក្ខគ្នា រវាងប្រទេសទាំងពីរ ក៏ដូចជាពួកគេមិនចង់ជ្រើសរើស ការឈរនៅម្ខាងជាមួយចិន ឬអាមេរិកនោះឡើយ ហើយរំពឹងទុកថា ចិននិងអាមេរិក អាចរួមរស់ នៅជាមួយគ្នាដោយសន្តិភាព និងធ្វើកិច្ចសហប្រតិបត្តិការដ៏មេត្រីភាព ។ ប្រទេសទាំងពីរ ត្រូវកាន់អាកប្បកិរិយាទទួលខុសត្រូវ ចំពោះប្រជាជន ប្រវត្តិសាស្ត្រនិងពិភពលោក ដើម្បីដោះស្រាយឱ្យបានល្អនូវទំនាក់ទំនង រវាងចិននិងអាមេរិក ក៏ដូចជារួមចំណែកដល់សន្តិភាព និងការអភិវឌ្ឈរបស់ពិភពលោកផងដែរ ។

ជាការឆ្លើយតប លោក Antony Blinken បានលើកឡើងថា លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក ជឿជាក់ថា សហរដ្ឋអាមេរិកនិងប្រទេសចិន មានទំនួលខុសត្រូវនិងកាតព្វកិច្ច ក្នុងការគ្រប់គ្រងឱ្យបានល្អនូវទំនាក់ទំនង ទ្វេភាគី ប្រការនេះគឺសមស្របនឹងផលប្រយោជន៍របស់សហរដ្ឋអាមេរិកនិងចិន ក៏ដូចជាពិភពលោកផងដែរ ។ សហរដ្ឋអាមេរិកបានប្តេជ្ញាចិត្ត ក្នុងការវិលត្រឡប់ទៅរករបៀបវារៈ ដែលកំណត់ក្នុងកិច្ចជំនួបរវាងមេដឹកនាំ នៃប្រទេសទាំងពីរនៅកោះបាលី ។ ភាគីអាមេរិកនឹងគោរព តាមពាក្យសន្យាដែលលោកប្រធានាធិបតី ចូវ បៃដិន បានធ្វើ ពោលគឺ មិនស្វែង រកការកើតមាន”សង្រ្គាមត្រជាក់ថ្មី” មិនស្វែងរកការផ្លាស់ប្តូរ ប្រព័ន្ធរបបរបស់ចិន មិនស្វែងរកការប្រឆាំងនឹងប្រទេសចិនតាមរយៈការបង្កើនទំនាក់ទំនងជាមួយសម្ព័ន្ធមិត្ត មិនគាំទ្រឱ្យ” តំបន់តៃវ៉ាន់ឯករាជ្យ” និងគ្មានចេតនាកើតមានការប៉ះទង្គិចជាមួយប្រទេសចិន ។ លោករំពឹងទុកថា នឹងធ្វើការប្រាស្រ័យទាក់ទង ជាន់ខ្ពស់ជាមួយភាគីចិន គ្រប់គ្រងការខ្វែងគំនិតគ្នា ដោយមានទំនួលខុសត្រូវ ក៏ដូចជាស្វែងរកការធ្វើកិច្ចសន្ទនា ការផ្លាស់ប្តូរនិងកិច្ចសហប្រតិបតិ្តការ ៕

To Top