ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មាន Kyodo បានចុះផ្សាយ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានឲ្យដឹង កាលពីថ្ងៃចន្ទថា ប្រទេសកូរ៉េខាងជើង បានធ្វើការវាយតម្លៃទៅលើការប៉ុនប៉ង ដែលបានបរាជ័យរបស់ខ្លួន នៅក្នុងការបាញ់ បង្ហោះផ្កាយរណប ស៊ើបការណ៍យោធា កាលពីចុងខែមុនថា ជាចំណុចខ្វះខាតដ៏ “ធ្ងន់ធ្ងរបំផុត” ដែលករណីនេះ “មិនអាចមើលរំលងបានឡើយ” ហើយបានសន្យាថា នឹងបាញ់បង្ហោះផ្កាយរណប ដោយជោគជ័យ នៅក្នុងពេលឆាប់ៗខាងមុខនេះ ។
ទីភ្នាក់ងារសារព័ត៌មាន កណ្តាលកូរ៉េផ្លូវការ ហៅកាត់ថា (KCNA)បានផ្សព្វផ្សាយថា ការវាយតម្លៃនេះ ត្រូវបានធ្វើឡើងនៅក្នុងអំឡុង ពេលកិច្ចប្រជុំពេញអង្គរយៈពេល៣ថ្ងៃ នៃគណៈកម្មាធិការកណ្តាល នៃគណបក្សពលករ ដែលកំពុងកាន់អំណាច នៃប្រទេសកូរ៉េរហូតដល់ថ្ងៃអាទិត្យ ។ ការជួបប្រជុំនេះក៏បានអំពាវនាវឱ្យរក្សាគោលនយោបាយ របស់ប្រទេសនេះនៅក្នុងការបង្កើន ការផលិតអាវុធនុយក្លេអ៊ែរដ៏មានឥទ្ធិពល ។
របាយការណ៍ស្តីពីកិច្ចប្រជុំសំខាន់ ដែលចូលរួម ដោយមេដឹកនាំ លោក គីម ជុងអ៊ុន “បានរិះគន់”ដល់មន្ត្រីពាក់ព័ន្ធនឹង ការបាញ់បង្ហោះផ្កាយរណប ដែលមិនជោគជ័យ កាលពីថ្ងៃទី៣១ ឧសភា ដោយបានថ្លែងថា ពួកគេ “មិនបានទទួលខុសត្រូវ ចំពោះការរៀបចំការបាញ់បង្ហោះនេះនោះទេ” ។
ទីភ្នាក់ងារ KCNA បានផ្សាយថា អ្នកវិទ្យាសាស្ត្រត្រូវបានណែនាំឱ្យធ្វើការវិភាគឱ្យបានហ្មត់ចត់អំពីមូលហេតុ និងអនុវត្តការបាញ់បង្ហោះដោយជោគជ័យ “ក្នុងរយៈពេលដ៏ខ្លី ដូច្នេះហើយធ្វើផ្លូវកាត់មួយដើម្បីកែលម្អករណីនេះឡើងវិញ” នូវសមត្ថភាពស៊ើបការណ៍សម្ងាត់ របស់យោធារបស់ប្រទេសកូរ៉េខាងជើង ៕