សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ថា ទីភ្នាក់ងារការពារជនស៊ីវិលរបស់ប្រទេសប្រេស៊ីល បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ចំនួនអ្នកស្លាប់បានកើនឡើងដល់១៣នាក់ ហើយពីព្យុះស៊ីក្លូន បានបោកបក់មកលើតំបន់ភាគខាងត្បូងនៃប្រទេសប្រេស៊ីល កាលពីចុងសប្តាហ៍ បណ្តាលឲ្យមនុស្ស៤នាក់នៅតែបន្តបាត់ខ្លួន ។
សូមបញ្ជាក់ថា ការបំផ្លិចបំផ្លាញ ដែលបង្កឡើងដោយព្យុះ និងគ្រោះទឹកជំនន់បានចាប់ផ្តើមកាលពីថ្ងៃសុក្រ ដោយបានបង្កផលប៉ះពាល់ ដល់ទីក្រុងលើសពី៤០នៅភាគខាងត្បូង នៃប្រទេសប្រេស៊ីល នៅរដ្ឋ Rio Grande do Sul ដែលមានព្រំប្រទល់ជាប់ នឹងប្រទេសអ៊ុយរូហ្គាយ និងអាហ្សង់ទីន ។
ទីភ្នាក់ងារការពារជនស៊ីវិល បានឲ្យដឹងថា ប្រតិបត្តិការស្វែងរកអ្នកបាត់ខ្លួន នៅតែបន្តរុករកដដែល ។
ទីភ្នាក់ងារការពារជនស៊ីវិល បានឲ្យដឹងថា មនុស្សជាងកន្លះលាននាក់គ្មានអគ្គិសនី ប្រើប្រាស់កាលពីចុងសប្តាហ៍ ហើយមនុស្សចំនួន៤.៩១៣នាក់ ត្រូវបានភៀសខ្លួនចេញ ។
លោក Luiz Inacio Lula da Silva ប្រធានាធិបតីប្រេស៊ីល បានសន្យាថា នឹងផ្តល់ជំនួយសហព័ន្ធដល់តំបន់រងគ្រោះទាំង នោះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា