បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នៅថ្ងៃអង្គារនេះបានធ្វើដំណើរទៅកាន់ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ជាកន្លែងដែលលោកគ្រោងនឹងជួបជាមួយសមភាគីអង់គ្លេស និងអ៊ុយក្រែន មុនពេលសន្និសីទមួយដែល ផ្តោតលើការជំរុញការគាំទ្រអន្តរជាតិសម្រាប់ការ ជួយអ៊ុយក្រែនឱ្យងើបឡើងវិញពីឥទ្ធិពលនៃការឈ្លានពានរបស់រុស្ស៊ី។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ចក្រភពអង់គ្លេស និងអ៊ុយក្រែន កំពុងធ្វើជាសហម្ចាស់ផ្ទះសន្និសីទដែលប្រព្រឹត្តទៅនៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍។
លោក Blinken និងរដ្ឋមន្ត្រីការបរទេសអង់គ្លេស James Cleverly គ្រោងនឹងចូលរួមក្នុងព្រឹត្តិការណ៍មួយសម្រាប់ទិវាជនភៀសខ្លួនពិភពលោកនៅមជ្ឈមណ្ឌលមួយដែលត្រូវបានបង្កើតឡើងដើម្បីជួយប្រជាជនអ៊ុយក្រែនដែលបានភៀសខ្លួនចេញពីសង្រ្គាម ទទួលបានការប្រឹក្សា និងការគាំទ្រដែលពួកគេត្រូវការដើម្បីសម្របខ្លួនទៅនឹងជីវិតនៅក្នុងប្រទេសអង់គ្លេស។
បន្ទាប់ពីកិច្ចពិភាក្សាទ្វេភាគីជាមួយ លោក Cleverly លោក Blinken ក៏គ្រោងនឹងជួបពិភាក្សាគ្នានៅពេលក្រោយជាមួយរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba ផងដែរ ។
នាយករដ្ឋមន្ត្រីអង់គ្លេសលោក Rishi Sunak ក៏បាននិយាយគ្នាតាមទូរស័ព្ទកាលពីថ្ងៃច័ន្ទជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy នៅមុនសន្និសីទស្តីពីការស្តារឡើងវិញអ៊ុយក្រែន។ ចក្រភពអង់គ្លេសគឺជាប្រទេសផ្តល់ជំនួយយោធាដ៏ធំបំផុតទីពីរដល់អ៊ុយក្រែនចាប់តាំងពីរុស្ស៊ីបានឈ្លានពានក្នុងខែកុម្ភៈឆ្នាំ ២០២២ ដោយតាមពីក្រោយសហរដ្ឋអាមេរិក៕