ព័ត៌មានអន្តរជាតិ

ព្រះអធិរាជជប៉ុន យាងថ្វាយផ្កាដល់អតីត អ្នកពលីជប៉ុន ដើម្បីឯករាជ្យភាពឥណ្ឌូនេស៊ី

ហ្សាកាតា៖ ព្រះចៅអធិរាជជប៉ុន Naruhito និងព្រះអគ្គមហាសី Masako បានថ្វាយផ្កានៅឯទីបញ្ចុះសពវីរបុរស Kalibata ដែលជាកិត្តិយសដល់អ្នក ដែលបានតស៊ូ ដើម្បីឯករាជ្យរបស់ប្រទេសឥណ្ឌូនេស៊ី ក្នុងអំឡុងពេលទស្សនកិច្ចរបស់ពួកគេទៅកាន់ប្រទេសនេះ។

ក្នុងចំណោមអ្នកដែលត្រូវបានបញ្ចុះនៅទីបញ្ចុះសពក្នុងទីក្រុងហ្សាកាតា មានអតីតទាហានជប៉ុនចំនួន ២៨នាក់ ដែលបន្តរស់នៅក្នុងប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីបញ្ចប់ការកាន់កាប់របស់ជប៉ុន និងបានចូលរួមក្នុងការតស៊ូទាមទារឯករាជ្យពីចក្រភពហូឡង់។

ការថ្វាយដង្វាយនេះបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីព្រះចៅអធិរាជ និងព្រះអគ្គមហាសី បានជួបជាមួយកូនចៅបួននាក់នៃអតីតទាហានជប៉ុនមួយចំនួន ដែលបន្តរស់នៅក្នុងប្រទេសនេះ។

លោក Heru Santoso Eto ជនជាតិជប៉ុនជំនាន់ទី២ ដែលមានអាយុ ៦៣ឆ្នាំដែលដើរតួជាប្រធាន Yayasan Warga Persahabatan ដែលជាអង្គការដែលបង្កើតឡើងដោយកូនចៅបានសម្តែងការដឹងគុណនៅក្នុងកិច្ចប្រជុំនេះ។ ឪពុករបស់លោលបានស្លាប់នៅឆ្នាំ២០០៣ នៅអាយុ ៨៤ ឆ្នាំហើយត្រូវបានបញ្ចុះនៅ Kalibata ផងដែរ។

យោងតាម ​​YWP ទាហានជប៉ុនប្រហែល ១០០០ នាក់នៅតែតស៊ូ ដើម្បីឯករាជ្យភាពរបស់ឥណ្ឌូនេស៊ី ដែលក្នុងនោះពាក់កណ្តាលបានស្លាប់ ឬបាត់ខ្លួន។ ជប៉ុន​បាន​ដាក់​ស្លាក​សញ្ញា​ឱ្យ​ពួកគេ​ជា​អ្នក​រត់ចោលជួរ ប៉ុន្តែ​ឥណ្ឌូនេស៊ី​បាន​ផ្តល់​សញ្ជាតិ​ឥណ្ឌូនេស៊ី និង​មេដាយ​ដល់​ពួកគេ​សម្រាប់​ការពលីរបស់ពួកគេ​ក្នុង​ឆ្នាំ១៩៦៥។

លោក Yoga Kusuma Barata អាយុ ២៤ ឆ្នាំបានឲ្យដឹងថាជីតារបស់លោក ឈ្មោះ Kaneo Ueda បានសម្រេចចិត្តស្នាក់នៅប្រទេសឥណ្ឌូនេស៊ី ដោយសារតែលោកបានលង់ស្នេហ៍នឹងស្ត្រីឥណ្ឌូនេស៊ីម្នាក់ ដែលលោលបានរៀបការនៅពេលក្រោយ ហើយលោកត្រូវមានការទទួលខុសត្រូវថ្មី៕ប្រែសម្រួល ឈូក បូរ៉ា

To Top