ព័ត៌មានអន្តរជាតិ

ម្ចាស់ពានណូបែលសន្ដិភាព លោកស្រី អ៊ុងសាន ស៊ូជី ជាប់ពន្ធនាគារ ៣ឆ្នាំហើយ ដែលទោសសរុប ៣៣ឆ្នាំ

តូក្យូ៖ លោកស្រី អ៊ុងសាន ស៊ូជី អាយុ ៧៨ឆ្នាំ អតីតមេដឹកនាំប្រទេសមីយ៉ាន់ម៉ា បានចំណាយពេលខួបកំណើត លើកទី៣ ជាប់ៗគ្នាក្រោមការឃុំខ្លួន បន្ទាប់ពីមានការទម្លាក់រដ្ឋាភិបាលជាប់ឆ្នោត តាមបែបប្រជាធិបតេយ្យ របស់លោកស្រី នៅក្នុងរដ្ឋប្រហារយោធា។

លោកស្រី ស៊ូជី ដែល ប្រឈមមុខនឹងការជាប់ពន្ធនាគារ សរុបចំនួន ៣៣ឆ្នាំ ដែលជាការកាត់ទោសអស់មួយជីវិត បន្ទាប់ពីត្រូវបានកាត់ទោសលើការចោទប្រកាន់ ចំនួន១៩ រួមទាំងអំពើពុករលួយ និងការក្លែងបន្លំ ការបោះឆ្នោត។

យោងតាមប្រភពដែលដឹងពី ស្ថានភាពរបស់លោកស្រី ស៊ូជី ស្ថិតក្នុងស្ថានភាពមានសុខភាពល្អ។ លោកស្រីត្រូវបានឃុំខ្លួនក្នុងអគារតូចមួយ ក្នុងបរិវេណពន្ធនាគារ ក្នុងរដ្ឋធានីណៃពិដោរ ចាប់តាំងពីខែមិថុនា ឆ្នាំមុន បន្ទាប់ពីត្រូវបានឃុំខ្លួនក្នុងផ្ទះ។

កូនប្រុសពៅរបស់លោកស្រី ស៊ូជី គឺលោក គីម អារីស បានចេញសេចក្តីថ្លែងការណ៍តាមវីដេអូមួយ នៅមុនថ្ងៃខួបកំណើតរបស់លោកស្រី ដោយអំពាវនាវឱ្យរបបយោធា ដែលកំពុងកាន់អំណាចដោះលែងលោកស្រី និងប្រគល់អំណាចឱ្យរដ្ឋាភិបាល ជាប់ឆ្នោត តាមបែបប្រជាធិបតេយ្យវិញ។

លោក គីម អារីស ដែលរស់នៅក្នុងប្រទេសអង់គ្លេសបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា “នេះគឺជាការអំពាវនាវជាដំបូងដល់យោធាភូមាឱ្យដោះលែងម្តាយរបស់ខ្ញុំ និងអ្នកទោសនយោបាយទាំងអស់ ហើយប្តេជ្ញាចិត្ត ចំពោះបទឈប់បាញ់មួយខណៈពេល ដែលបើកការចរចារ ដើម្បីប្រគល់អំណាចត្រឡប់ទៅឱ្យរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យវិញ” ។

រួមជាមួយនឹងលោកស្រី ស៊ូជី ម្ចាស់ជ័យលាភីរង្វាន់ណូបែលសន្តិភាព សមាជិកជាន់ខ្ពស់ផ្សេងទៀត នៃរដ្ឋាភិបាលរបស់លោកស្រី ក៏ដូចជាសកម្មជន និងអ្នកនយោបាយគាំទ្រលទ្ធិប្រជាធិបតេយ្យផ្សេងទៀត ត្រូវបានចាប់ខ្លួនដោយយោធា បន្ទាប់ពីរដ្ឋប្រហារ ហើយភាគច្រើន នៅតែស្ថិតក្នុងការឃុំខ្លួន។

គណបក្ស​នយោបាយ​ ដែល​ត្រូវ​បាន​រំលាយ​ របស់​លោកស្រី ស៊ូជី គឺ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​ កាលពី​ថ្ងៃ​ចន្ទ បាន​ជំរុញ​ឲ្យ​របប​យោធា​កាន់​អំណាច​ជួប​ពិភាក្សា ​ជាមួយ​លោកស្រី ​ដើម្បី​ដោះស្រាយ​បញ្ហា​នយោបាយ ដែល​កើត​ឡើង​ពី​រដ្ឋប្រហារ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top