ព័ត៌មានអន្តរជាតិ

អង្គការសហប្រជាជាតិ កាត់សំណើផ្តល់ជំនួយ ១ពាន់លានដុល្លារ ពីអាហ្វហ្គានីស្ថាន បន្ទាប់ពីក្រុមតាលីបង់ ហាមស្ត្រី មិនឱ្យធ្វើការនៅទីភ្នាក់ងារ អង្គការសហប្រជាជាតិ

បរទេស៖ ចំពេលមានជម្លោះមិនទាន់ ដោះស្រាយជាមួយអាជ្ញាធរតាលីបង់ ជុំវិញសិទ្ធិការងារ និងការអប់រំរបស់ស្ត្រី និងការធ្លាក់ចុះនៃមូលនិធិម្ចាស់ជំនួយ, អង្គការសហប្រជាជាតិបានកាត់បន្ថយ សំណើជំនួយមនុស្សធម៌របស់ខ្លួន សម្រាប់អាហ្វហ្គានីស្ថានជាង ១ពាន់លានដុល្លារ ដោយបង្ខំឱ្យភ្នាក់ងារជំនួយនានា បញ្ឈប់ការផ្តល់ជំនួយដ៏សំខាន់ ដល់មនុស្សរាប់លាននាក់។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា កាលពីខែមីនា អង្គការសហប្រជាជាតិបានចាប់ផ្តើម ផែនការឆ្លើយតបមនុស្សធម៌ ឬហៅកាត់ថា HRP សម្រាប់ប្រទេសអាហ្វហ្គានីស្ថាន ដោយស្នើសុំឱ្យម្ចាស់ជំនួយចំនួន ៤,៦ ពាន់លានដុល្លារជាមូលនិធិ ដើម្បីជួយដល់ជនអាហ្វហ្គានីស្ថានជាង ២៣លាននាក់ ដែលងាយរងគ្រោះបំផុតនៅឆ្នាំនេះ។ ការចាប់ផ្តើមនៃការអំពាវនាវនេះ ត្រូវបានពន្យារពេលទៅវិញ ពីរខែបន្ទាប់ពីការប្រកាសរបស់តាលីបង់ក្នុងខែធ្នូ ដែលបានហាមឃាត់ស្ត្រីជនជាតិអាហ្វហ្គានីស្ថាន មិនឱ្យធ្វើការនៅទីភ្នាក់ងារ អង្គការសហប្រជាជាតិ។

មន្ត្រីតាលីបង់និយាយថា ស្ត្រីក្នុងប្រទេសអាហ្វហ្គានីស្ថានត្រូវបាន ហាមឃាត់មិនឱ្យមានការអប់រំ និងធ្វើការដោយគ្មានកំណត់ ដោយសារស្ថិតក្រោម “ការពិចារណាអំពីសាសនា និងវប្បធម៌”។

ផ្ទាំងពាណិជ្ជកម្ម

ទីភ្នាក់ងារផ្តល់ជំនួយជាច្រើន បានផ្អាកប្រតិបត្តិការ ដើម្បីឆ្លើយតបទៅនឹងការ ហាមឃាត់ការងាររបស់ស្ត្រី ខណៈដែលម្ចាស់ជំនួយបានព្រមានថា នឹងមានផលវិបាកសម្រាប់របបតាលីបង់។

ការត្រួតពិនិត្យពាក់កណ្តាលឆ្នាំនៃ HRP បានបណ្តាលឱ្យមានការកែតម្រូវយ៉ាងសំខាន់ នៅក្នុងការផ្តល់មូលនិធិដែលត្រូវការ និងចំនួនអ្នកទទួលផលដែលខ្លួននឹងជួយ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top