ព័ត៌មានអន្តរជាតិ

ក្រុមតាលីបង់ ប្រហារជីវិតបុរសម្នាក់ជាសាធារណៈ ក្រោយរកឃើញទោសថា បានសម្លាប់មនុស្សអស់ ៥នាក់

បរទេស៖ ក្រុមតាលីបង់របស់ប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃអង្គារបានអនុវត្តនូវអ្វីដែលត្រូវបានគេជឿថា ជាការប្រហារជីវិតជាសាធារណៈលើកទីពីរលើមនុស្សម្នាក់ ដែលត្រូវបានកាត់ទោសពីបទមនុស្សឃាតចាប់តាំងពី ក្រុមនេះបានត្រលប់មកកាន់អំណាចវិញ ក្នុងខែសីហាឆ្នាំ ២០២១។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ការប្រហារជីវិតនេះ គឺបានមិនអើពើនឹងការរិះគន់របស់អង្គការសហប្រជាជាតិដែលថា សកម្មភាពបែបនេះបង្កើតជាទម្រង់នៃ “ការប្រព្រឹត្ត ឬការដាក់ទណ្ឌកម្មដ៏ឃោរឃៅ អមនុស្សធម៌ ឬថោកទាប” នោះឡើយ។

តុលាការកំពូលរបស់តាលីបង់បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បុរសជនជាតិអាហ្វហ្គានីស្ថានដែលត្រូវបានគេកាត់ទោសប្រហារជីវិតនៅក្នុងខេត្ត Laghman គឹបន្ទាប់ពីត្រូវបានរកឃើញថា មានពិរុទ្ធពីបទសម្លាប់មនុស្សចំនួន៥នាក់ដែលភាគច្រើនជាសមាជិកនៃគ្រួសារតែមួយ។

តុលាការបានបន្ថែមថា យុត្តិធម៌តាលីបង់ និងមន្ត្រីរដ្ឋាភិបាលព្រមទាំងអ្នកស្រុកជាច្រើន បានធ្វើជាសាក្សីនៃការប្រហារជីវិតនៅក្នុងវិហារអ៊ិស្លាមសំខាន់នៃក្រុង Mihtarlam រាជធានីរបស់ខេត្ត។

តុលាការមិនបានចែករំលែកព័ត៌មានលម្អិតបន្ថែមឡើយ ដោយបានកត់សម្គាល់ថា ដីការបស់តុលាការត្រូវបានអនុវត្តបន្ទាប់ពីមេដឹកនាំកំពូលតាលីបង់ Hibatullah Akhundzada បានពិនិត្យយ៉ាងយកចិត្តទុកដាក់ និងបានអនុម័ត៕

ប្រែសម្រួលៈ ណៃ តុលា

To Top