បរទេស៖ ប្រទេសឥណ្ឌា បានឱ្យដឹងថា ខ្លួននឹងផ្តល់នាវាចម្បាំង កងទ័ពជើងទឹកមួយគ្រឿងដល់ប្រទេសវៀតណាម ក្នុងសញ្ញាចុងក្រោយ នៃការរឹតបន្តឹងទំនាក់ទំនងការពារជាតិ រវាងប្រទេសទាំងពីរ ដែលចែករំលែកការព្រួយបារម្ភ អំពីការអះអាងរបស់ចិន។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ការប្រកាសថា រដ្ឋាភិបាលទីក្រុងញូវដេលី នឹងប្រគល់នាវាចម្បាំង Corvette INS Kirpan ដល់កងទ័ពជើងទឹកវៀតណាមនេះ គឺបានធ្វើឡើងបន្ទាប់ពីមានជំនួបរវាងរដ្ឋមន្ត្រីការពារជាតិឥណ្ឌាលោក Rajnath Singh និងសមភាគីវៀតណាម គឺឧត្តមសេនីយ៍ Phan Van Gang នៅទីក្រុង ញូវដេលី កាលពីថ្ងៃចន្ទ។
យោងតាមលោក Rahul Bedi អ្នកវិភាគការពារជាតិ ឯករាជ្យបាននិយាយថា “នាវាចម្បាំងផ្ទុកមីស៊ីលជំនាន់ចាស់ គឺជានាវាចម្បាំងតូចមួយ ដែលប្រើប្រាស់ជាចម្បង សម្រាប់គោលបំណងការពារឆ្នេរសមុទ្រ”។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋាភិបាលឥណ្ឌា បាននិយាយថា ការផ្តល់នាវាចម្បាំងដល់ទីក្រុងហាណូយ នឹងក្លាយជា “ព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្នុងការពង្រឹងសមត្ថភាព របស់កងទ័ពជើងទឹកប្រជាជនវៀតណាម”។
ការផ្តោតសំខាន់នៃដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិវៀតណាម នៅឥណ្ឌា គឺលើការកសាងទំនាក់ទំនងយោធាជាមួយទីក្រុងញូវដេលី។ លោកក៏បានពិភាក្សាអំពីវិធីដើម្បីបង្កើនសមត្ថភាពឧស្សាហកម្មការពារជាតិដោយកិច្ចសហប្រតិបត្តិការក្នុងការស្រាវជ្រាវការពារជាតិ និងការផលិតរួមគ្នា ។
ទីក្រុងហាណូយ មានការព្រួយបារម្ភអំពីនាវាចម្បាំង និងនាវាស្រាវជ្រាវរបស់ចិន ដែលចូលមកក្នុង តំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់វៀតណាម។ ដោយផ្អែកលើអ្វីដែលទីក្រុងប៉េកាំងនិយាយថា ជាផែនទីចាស់ ប្រទេសចិនបានទាមទារស្ទើរ តែទាំងស្រុងនូវសមុទ្រចិនខាងត្បូង ថាជាទឹកដីរបស់ខ្លួន រួមទាំងដែនទឹកដែលត្រូវបានទាមទារដោយវៀតណាម និងប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀត ៕