ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីចិន ជំរុញឱ្យខិតខំរកមូលហេតុផ្ទុះហ្គាស សម្លាប់មនុស្ស៣១នាក់ ឱ្យបានឆាប់ និងត្រូវឱ្យអ្នកពាក់ព័ន្ធទទួលខុសត្រូវតាមច្បាប់

ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង នៅថ្ងៃព្រហស្បតិ៍នេះបានទាមទារឱ្យមានការជួយសង្គ្រោះ និងព្យាបាលអ្នករបួសទាំងអស់ និងពង្រឹងសុវត្ថិភាពឡើងវិញ បន្ទាប់ពីមានការផ្ទុះហ្គាសដ៏ខ្លាំងក្លាមួយ នៅក្នុងភោជនីយដ្ឋានសាច់អាំងនៅតំបន់ស្វយ័ត Ningxia Hui ភាគពាយព្យនៃប្រទេសចិន។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក ស៊ី ដែលជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិម បានធ្វើការណែនាំបន្ទាប់ពីឧបទ្ទវហេតុផ្ទុះហ្គាសនេះ ដោយជំរុញឱ្យមានការខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីធានាសុវត្ថិភាពអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជន។

អាជ្ញាធរក្នុងតំបន់បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ការផ្ទុះដែលបានឆាបឆេះភោជនីយដ្ឋានសាច់អាំងមួយក្នុងទីក្រុង Yinchuan រដ្ឋធានី Ningxia កាលពីយប់ថ្ងៃពុធ បានបណ្តាលឲ្យមនុស្ស ៣១ នាក់ស្លាប់ និង ៧ នាក់ទៀតរងរបួស ដែលជាថ្ងៃចាប់ផ្តើមនៃពិធីបុណ្យអុំទូកនាគរយៈពេលបីថ្ងៃ។

លោក ស៊ី បានជំរុញឱ្យខិតខំរកឱ្យឃើញពីមូលហេតុនៃគ្រោះថ្នាក់នេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយឱ្យអ្នកពាក់ព័ន្ធទទួលខុសត្រូវទៅតាមច្បាប់ ។

លោកបានកត់សម្គាល់ថា គ្រប់តំបន់ និងនាយកដ្ឋានពាក់ព័ន្ធគួរតែពិនិត្យ និងកែតម្រូវគ្រប់ប្រភេទនៃហានិភ័យ និងគ្រោះថ្នាក់ដែលលាក់កំបាំង៕ប្រែសម្រួលៈ ណៃ តុលា

To Top