ព័ត៌មានអន្តរជាតិ

បារាំង និងចិន គួរ​ពង្រឹងកិច្ចសហប្រតិបត្តិការឱ្យស៊ីជម្រៅ ដើម្បីដោះស្រាយបញ្ហាប្រឈមជាសកល

ប៉ារីស៖ នៅមុនកិច្ចប្រជុំកំពូល សម្រាប់កិច្ចព្រមព្រៀងហិរញ្ញប្បទានសកលថ្មី ដែលនឹងប្រារព្ធឡើង​នៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ អ្នកជំនាញកិច្ចការអន្តរជាតិបារាំងលោក Bruno Guigue រំពឹងថា បារាំង និងចិន អាចទាញយកប្រយោជន៍ពីឱកាសនេះ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការឱ្យស៊ីជម្រៅ ដើម្បីដោះស្រាយបញ្ហាប្រឈមជាសកល។

នៅក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយកាសែតស៊ិនហួលោក Guigue បានឲ្យដឹងថា ប្រទេសចិន និងបារាំង មានប្រវត្តិការងាររួមគ្នាលើបញ្ហាសំខាន់ៗ ដូចជាការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍន៍ឧស្សាហកម្ម និងសុខភាពសាធារណៈ។

លោក Guigue បានកត់សម្គាល់ថា “សព្វថ្ងៃនេះ យើងមិនត្រឹមតែត្រូវកសាងសមិទ្ធិផលទាំងនេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើននូវឧបករណ៍មួយដោយការធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរជាមួយនឹងការជឿទុកចិត្តជាថ្មី”។

លោកបានលើកឡើងថា កិច្ចប្រជុំកំពូល សម្រាប់កិច្ចព្រមព្រៀង ហិរញ្ញប្បទានសកលថ្មី ដែលផ្តួចផ្តើមដោយប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង គឺជាឱកាសមួយ ដើម្បីដាក់ចូលទៅក្នុងទស្សនវិស័យ ជាមូលដ្ឋានលើបញ្ហា សកលលោក ដូចជាការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ ការប្រែប្រួលអាកាសធាតុ និងជីវចម្រុះជាដើម។

លោក Guigue បានបន្ដថា “ឥឡូវនេះវាគឺជាសំណួរនៃការផ្លាស់ប្តូរកម្មវិធី នៃការគិតឡើងវិញអំពីស្ថាបត្យកម្មនៃប្រព័ន្ធហិរញ្ញវត្ថុពិភពលោក ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព” លោក Guigue បាន​បន្ថែមថា ដោយសារសារៈសំខាន់សេដ្ឋកិច្ចរបស់ខ្លួន ប្រទេសចិន មានទំនួលខុសត្រូវជាក់លាក់ក្នុងរឿងនេះ។

អ្នកជំនាញបារាំងបានបន្ថែមថា ការចូលរួមចំណែករបស់ចិន នឹងធ្វើឱ្យវាអាចគូសបញ្ជាក់ពីភាពបន្ទាន់នៃគំរូថ្មីនៃទំនាក់ទំនងសេដ្ឋកិច្ចអន្តរជាតិ សមធម៌ សាមគ្គីភាព និងស្ថិរភាពកាន់តែច្រើន ដោយលោកបានគូសបញ្ជាក់ថា បារាំង និងចិន ត្រូវតែបន្តពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរបស់ពួកគេ ដោយខិតខំកសាងការផ្គត់ផ្គង់ឱ្យកាន់តែមានប្រសិទ្ធភាព៕ប្រែសម្រួល ឈូក បូរ៉ា

To Top