ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រី​ចិន ​ដាក់​សំណើ ​៣​ចំណុច​ លើ​ការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ ចិន​-​បារាំង ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​

ប៉េកាំង៖ នាយករដ្ឋមន្ត្រីចិន លោក Li Qiang បានឲ្យដឹងថា ប្រទេសចិន និងបារាំង គួរតែរួមគ្នារក្សាសន្តិសុខ និងស្ថិរភាពនៃបណ្តាញឧស្សាហកម្ម និងការផ្គត់ផ្គង់សកល ពង្រឹងកិច្ចសហប្រតិបត្តិការលើការច្នៃប្រឌិត និងជំរុញបរិយាកាសធុរកិច្ចដ៏ល្អ។

លោក Li បានធ្វើសំណើរ ៣ចំណុច ស្តីពីកិច្ចសហប្រតិបត្តិការចិន-បារាំង នៅពេលថ្លែងសុន្ទរកថាក្នុងពិធីជប់លៀងជាមួយសហគមន៍ធុរកិច្ចចិន និងបារាំងនៅទីក្រុងប៉ារីស នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកបានលើកឡើងថា ការពឹងពាក់គ្នាទៅវិញទៅមក គឺជាលទ្ធផលដែលមិនអាចជៀសបាននៃសកលភាវូបនីយកម្មសេដ្ឋកិច្ច ហើយការជឿទុកចិត្តគ្នាទៅវិញទៅមក ផ្នែកនយោបាយរវាងចិន និងបារាំង អាចឱ្យប្រទេសទាំងពីរមើលឃើញស្ថិរភាព ភាពប្រាកដប្រជា និងឱកាសអភិវឌ្ឍន៍រួមគ្នាក្នុងការពឹងផ្អែកគ្នាទៅវិញទៅមកជាជាងហានិភ័យ។

លើការរួមគ្នារក្សាសន្តិសុខ និងស្ថិរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្ម និងឧស្សាហកម្មសកល លោក Li បានសម្តែងការកោតសរសើរ ចំពោះការប្រឆាំងរបស់រដ្ឋាភិបាលបារាំង ចំពោះការប្រឈមមុខដាក់គ្នា ការកាត់ផ្តាច់ ក៏ដូចជាការផ្តាច់សង្វាក់ផ្គត់ផ្គង់ឧស្សាហកម្ម និងការផ្គត់ផ្គង់។

វាត្រូវបានគេសង្ឃឹមថា សហគ្រិនចិន និងបារាំង នឹងគាំទ្រយ៉ាងរឹងមាំនូវសកលភាវូបនីយកម្មសេដ្ឋកិច្ច ធ្វើសកម្មភាពសម្រាប់កិច្ចសហប្រតិបត្តិការបើកចំហ និងឈ្នះឈ្នះ និងរួមគ្នារក្សាស្ថិរភាព និងភាពធន់នៃខ្សែសង្វាក់ផ្គត់ផ្គង់រវាងចិន និងបារាំង ក៏ដូចជារវាងចិន និងអឺរ៉ុប​បន្ថែមទៀត។

លោកបន្ដថា ​ការពង្រឹងកិច្ចសហប្រតិបត្តិការចិន-បារាំង លើការច្នៃប្រឌិត​ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ការផ្លាស់ប្តូរបច្ចេកវិទ្យាចិន-បារាំង លើផ្នែកវេជ្ជសាស្ត្រ ថ្មថាមពលថ្មី ឧបករណ៍អេឡិចត្រូនិក និងវិស័យផ្សេងទៀតបានបង្កើតសមិទ្ធិផលប្រកបដោយភាពច្នៃប្រឌិតជាច្រើន ដោយបន្ថែមថា ការសម្លឹងឆ្ពោះទៅមុខ ភាគីទាំងពីរនៅតែមានសក្តានុពលដ៏អស្ចារ្យ សម្រាប់ កិច្ចសហប្រតិបត្តិការលើវិស័យនានា រួមមានការផលិតកម្រិតខ្ពស់ សេវាកម្មទំនើប ការផ្លាស់ប្តូរបៃតង និងសេដ្ឋកិច្ចឌីជីថល។

នាយករដ្ឋមន្ត្រីចិនរូបនេះបានលើកឡើងថា ភាគីទាំងពីរគួរតែពង្រឹងការច្នៃប្រឌិត និងកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យារវាងសហគ្រាសរបស់ពួកគេ ដើម្បីផ្តល់កម្លាំងជំរុញថ្មី និងជំរុញចំណុចរីកចម្រើនថ្មី សម្រាប់កិច្ចសហប្រតិបត្តិការចិន-បារាំង។

លើការជំរុញបរិយាកាសធុរកិច្ចល្អ លោក Li បានលើកឡើងថា ប្រទេសចិន នឹងធ្វើកំណែទម្រង់ស៊ីជម្រៅដោយឥតឈប់ឈរ ពង្រីកការបើកចំហ និងភាពងាយស្រួលបន្ថែមទៀត ក្នុងការចូលប្រើប្រាស់ទីផ្សារក្នុងវិស័យសេវាកម្មទំនើប និងផ្នែកផ្សេងទៀត។

លោកបន្ថែមថា ប្រទេសចិន នឹងជំរុញការបើកទូលាយស្ថាប័ន ដែលគ្របដណ្ដប់លើច្បាប់ បទប្បញ្ញត្តិ ការគ្រប់គ្រង និងស្តង់ដារ ដោយបន្ថែមថា ប្រទេសចិន នឹងបង្កើនការការពារកម្មសិទ្ធិបញ្ញា ជំរុញបរិយាកាសធុរកិច្ចលំដាប់ពិភពលោក ដែលផ្តោតលើទីផ្សារ គ្រប់គ្រងដោយក្របខ័ណ្ឌច្បាប់ដ៏ត្រឹមត្រូវ និង ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុនបរទេសនៅក្នុងប្រទេសចិន ស្របតាមច្បាប់។

លោក​សង្ឃឹម​ថា ភាគី​បារាំង ​នឹង​រក្សា​ទីផ្សារ​បើក​ចំហ និង​កសាង​បរិយាកាស​ធុរកិច្ច​ដោយ​យុត្តិធម៌ សមធម៌ និង​មិន​រើសអើង​សម្រាប់​ក្រុមហ៊ុន​ចិន ដោយបានស្វាគមន៍សហគ្រាសបារាំង ក្នុងការចូលរួមយ៉ាងសកម្មនៅក្នុងពិព័រណ៍នាំចូលអន្តរជាតិរបស់ប្រទេសចិន ដើម្បីស្វែងយល់បន្ថែមលើទីផ្សារប្រទេសចិន។

លោកបានលើកទឹកចិត្តសហគ្រិននៃប្រទេសទាំងពីរឱ្យពង្រឹងទំនុកចិត្ត ចាប់យកឱកាស និងខិតខំប្រឹងប្រែងរួមគ្នា ដើម្បីសម្រេចបាននូវការអភិវឌ្ឍន៍កាន់តែខ្លាំង និងជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយស្ថិរភាព និងយូរអង្វែងរវាងចិន និងបារាំង និងរវាងចិន និងអឺរ៉ុប៕

ប្រែសម្រួល ឈូក បូរ៉ា

To Top