រ៉ាម៉ាឡា៖ ប៉ាឡេស្ទីន បានថ្កោលទោស ការវាយប្រហារ ជាបន្តបន្ទាប់ ពីសំណាក់អ្នកតាំងលំនៅអ៊ីស្រាអែល នៅតំបន់វេសបែង ដែលបានបណ្តាលឲ្យជនជាតិ ប៉ាឡេស្ទីនម្នាក់ស្លាប់ និងរាប់សិបនាក់រងរបួស នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។
សាក្សីបានឲ្យដឹងថា អ្នកតាំងលំនៅអ៊ីស្រាអែល រាប់រយនាក់ បានបើកការវាយប្រហារប្រឆាំងនឹង ជនជាតិប៉ាឡេស្ទីនកាលពីរសៀលថ្ងៃអង្គារនៅទីក្រុង Turmus Ayya ភាគឦសាននៃទីក្រុងរ៉ាម៉ាឡា “ក្រោមការការពារ របស់កងទ័ពអ៊ីស្រាអែល” ។ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ប្រជាពលរដ្ឋបានដុតផ្ទះ និងរថយន្ត បង្កឲ្យមានចលាចល និងបំផ្លាញទ្រព្យសម្បត្ដិសាធារណៈយ៉ាងធ្ងន់ធ្ងរ។
លោក Lafi Adib អភិបាលក្រុង Turmus Ayya បានឲ្យដឹងថា អ្នកតាំងលំនៅអ៊ីស្រាអែលប្រហែល ៤០០ នាក់បានចូលរួមក្នុងការវាយប្រហារ និងបានដុតផ្ទះចំនួន ៣០ ខណៈដែលអ្នកស្រុករួមទាំងស្ត្រី និងកុមារនៅតែនៅខាងក្នុង។
បន្ថែមពីលើនេះ ពួកគេបានបំផ្លាញយានយន្តចំនួន ៦០ គ្រឿង និងដីស្រែចំការ ដែលដាំដុះដោយដំណាំផ្សេងៗ។ លោកបន្ថែមថា អ្នកតាំងលំនៅប្រដាប់អាវុធមួយចំនួន បានបាញ់រះទៅលើផ្ទះជាច្រើនខ្នង។
សាក្សីក៏បានកត់សម្គាល់ផងដែរថា អ្នកស្រុក Turmus Ayya បានឆ្លើយតបដោយការគប់ដុំថ្ម។ យោងតាមក្រសួងសុខាភិបាល ប៉ាឡេស្ទីន ជនជាតិប៉ាឡេស្ទីនម្នាក់ ត្រូវបានបាញ់ប្រហារចំដើមទ្រូង និង១២នាក់ផ្សេងទៀតបានរងរបួសទាំងអ្នកតាំងលំនៅ និងទាហាន ដោយក្នុងនោះមនុស្សម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
កងទ័ពអ៊ីស្រាអែល មិនទាន់ធ្វើអត្ថាធិប្បាយជុំវិញឧប្បត្តិហេតុនេះទេ បើទោះជាវិទ្យុអ៊ីស្រាអែល បានរាយការណ៍ថាទាហានអ៊ីស្រាអែលម្នាក់ បានបើកការបាញ់ប្រហារអំឡុងពេលការប៉ះទង្គិចគ្នានៅក្នុងទីក្រុង Turmus Ayya ដែលបណ្តាលឱ្យមានប្រជាជនប៉ាឡេស្ទីនជាច្រើននាក់រងរបួស។
នាយករដ្ឋមន្ត្រីប៉ាឡេស្ទីនលោក Mohammed Ishtaye បានថ្កោលទោសយ៉ាងខ្លាំងក្លាកាលពីថ្ងៃពុធ ចំពោះ “ការវាយប្រហារដ៏ព្រៃផ្សៃ” ដែលប្រព្រឹត្តដោយអ្នកតាំងលំនៅអ៊ីស្រាអែល ប្រឆាំងនឹងពលរដ្ឋប៉ាឡេស្ទីន និងការបំផ្លិចបំផ្លាញផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ពួកគេ៕
ប្រែសម្រួល ឈូក បូរ៉ា