ព័ត៌មានអន្តរជាតិ

ជប៉ុន គ្រោងធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំ ដើម្បីជំរុញឱ្យក្រុមហ៊ុននានា ចូលរួមកិច្ចខិតខំប្រឹងប្រែង ស្តារ អ៊ុយក្រែនឡើងវិញ

តូក្យូ៖ រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Yoshimasa Hayashi បានឲ្យដឹងថា ប្រទេសជប៉ុន នឹងជំរុញទៅមុខជាមួយនឹងការគាំទ្រ សម្រាប់អ៊ុយក្រែន ហើយគ្រោងនឹងរៀបចំ កិច្ចប្រជុំមួយ ដើម្បីលើកទឹកចិត្តក្រុមហ៊ុននានា ឱ្យចូលរួមក្នុងការស្តារសេដ្ឋកិច្ច របស់ប្រទេស ដែលហែកហួរដោយការឈ្លានពាន របស់រុស្ស៊ីមួយនេះ។

លោក Hayashi បានឲ្យដឹងនៅក្នុងសន្ទរកថា មួយ នៅក្នុងសន្និសីទ រយៈពេលពីរថ្ងៃ ស្តីពីការកសាងឡើងវិញ របស់ប្រទេសអ៊ុយក្រែន នៅទីក្រុងឡុងដ៍ រហូតដល់ថ្ងៃព្រហស្បតិ៍នេះថា រដ្ឋាភិបាលជប៉ុន គ្រោងនឹងជួបប្រជុំគ្នានៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ ដែលមានការចូលរួមពីជាង ៦០ប្រទេស។

លោក Hayashi បានបន្ថែមថា “វិស័យសាធារណៈ និងឯកជនរបស់ជប៉ុន អាចគាំទ្រយ៉ាងខ្លាំងដល់ការងើបឡើងវិញ និងការកសាងឡើងវិញនៃអ៊ុយក្រែន” តាមរយៈកិច្ចប្រជុំដែលមានឈ្មោះថា “សន្និសីទជប៉ុន-អ៊ុយក្រែន សម្រាប់ការជំរុញការកសាងឡើងវិញសេដ្ឋកិច្ច”។

លោក Hayashi បានអញ្ជើញនាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denys Shmyhal ឱ្យចូលរួមក្នុងកិច្ចប្រជុំដែលរំពឹងទុក នៅពេលដែលអ្នកទាំងពីរបានជួបគ្នានៅថ្ងៃបន្ទាប់នៅទីក្រុងឡុងដ៍ ហើយការផ្តល់ជូននេះត្រូវបានទទួលយកភ្លាមៗ នេះបើយោងតាមក្រសួងការបរទេសជប៉ុន។

សន្និសីទថ្មីបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ទីក្រុងតូក្យូ ក្នុងការចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងកសាងឡើងវិញរបស់អ៊ុយក្រែនយ៉ាងខ្លាំងក្លាតាមរយៈវិស័យសាធារណៈ និងឯកជន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌​មានក្យូដូជប៉ុន។

ក្នុង​នាម​ជា​ប្រធាន​ក្រុម​នៃ​ប្រទេស​ធំៗ​ទាំង៧ នៅ​ឆ្នាំ​នេះ ជប៉ុន​រួម​ជាមួយ​នឹង​សមាជិក​ដទៃ​ទៀត​បាន​ប្ដេជ្ញា​​ឯកភាព​គ្នា​ឥត​ងាករេ​ក្នុង​ការ​គាំទ្រ​ក្រុង​កៀវ​នៅ​កិច្ច​ប្រជុំ​កំពូល​ក្នុង​ទីក្រុង​ហ៊ីរ៉ូស៊ីម៉ា ​កាល​ពី​ខែ​មុន។

ទីក្រុងតូក្យូ បានពិភាក្សាអំពីរបៀបជំរុញក្រុមហ៊ុនជប៉ុន បន្ថែមទៀតឱ្យវិនិយោគនៅអ៊ុយក្រែន ចំពេលមានសង្រ្គាមរបស់ទីក្រុងម៉ូស្គូប្រឆាំងនឹងអតីតអ្នកជិតខាងសូវៀតចាប់តាំងពីខែកុម្ភៈឆ្នាំ២០២២ ដែលបង្ហាញថាគ្មានសញ្ញានៃការបញ្ចប់នោះឡើយ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top