ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីចិន ៖ ចិន និងបារាំង ចែករំលែកទស្សនៈយុទ្ធសាស្ត្ររួម ក្នុងនាមជាសមាជិកក្រុមប្រឹក្សាសន្ដិសុខ

ប៉ារីស ៖ ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីចិន លោក Li Qiang បានឲ្យដឹងថា ប្រទេសចិន និងបារាំង ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងប្រទេសធំៗ ដែលមានទំនួលខុសត្រូវ ចែករំលែកទស្សនៈយុទ្ធសាស្ត្ររួម។

លោក Li បានធ្វើការកត់សម្គាល់នៅពេលលោកបានជួបជាមួយប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ថ្លែងការស្វាគមន៍យ៉ាងកក់ក្តៅពីប្រធានាធិបតីចិន លោក ស៊ី ជីនពីង ទៅកាន់ ម៉ាក្រុង លោក Li បានឲ្យដឹងថា ក្នុងអំឡុងដំណើរទស្សនកិច្ចដ៏ជោគជ័យរបស់ប្រធានាធិបតីបារាំង ទៅកាន់ប្រទេសចិនមិនយូរប៉ុន្មាន លោក ម៉ាក្រុង និងលោក ស៊ី មានការផ្លាស់ប្តូរគ្នាយ៉ាងស៊ីជម្រៅ និងឈានដល់ការឯកភាពគ្នាជាយុទ្ធសាស្ត្រ ដែលបានគូសប្លង់មេសម្រាប់ការអភិវឌ្ឍន៍ទំនាក់ទំនងចិន-បារាំង។

នាយករដ្ឋមន្ត្រីចិនរូបនេះ បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ប្រទេសបារាំង មានគោលបំណងអនុវត្តការឯកភាពដ៏សំខាន់ ដែលប្រមុខរដ្ឋទាំងពីរសម្រេចបាន និងមានការពិភាក្សាស៊ីជម្រៅជាមួយភាគីបារាំង ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការចិន-បារាំង។

លោកបន្ដថា ប្រទេសចិន បារាំង និងអឺរ៉ុប មានចំណុចខ្លាំងរៀងៗខ្លួន ហើយត្រូវការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដោយសង្កត់ធ្ងន់ថា ខណៈពេលដែលការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យប្រពៃណី ដូចជាថាមពលនុយក្លេអ៊ែរ លំហអាកាស និងអាកាសចរណ៍ ក៏គួរតែទាញយកសក្តានុពល នៃកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ដែលកំពុងរីកចម្រើនបែបនេះផងដែរ ដូចជាការការពារបរិស្ថាន សេដ្ឋកិច្ចឌីជីថល បញ្ញាសិប្បនិម្មិត និងការផលិតកម្រិតខ្ពស់ ដើម្បីសម្រេចបាននូវអត្ថប្រយោជន៍ទៅវិញទៅមក និងលទ្ធផលឈ្នះ-ឈ្នះ។

លោកបន្ថែមថា ភាគីចិនលើកទឹកចិត្តសហគ្រាសរបស់ខ្លួនឱ្យវិនិយោគនៅប្រទេសបារាំង ហើយក្រុមហ៊ុនបារាំងត្រូវបានស្វាគមន៍ក្នុងការចែករំលែកឱកាសអភិវឌ្ឍន៍របស់ប្រទេសចិន៕ ប្រែសម្រួល ឈូក បូរ៉ា

To Top